ថ្ងៃ សុក្រ ទី 30 ខែ តុលា ឆ្នាំ 2020
Hacked By Black_Phish
ស្នា​ព្រហស្ថ​ដ៍​ធំ​ធេង ដែល​មិន​អាច​កាត់ថ្លៃ​បាន របស់​សម្ដេច​ឱ សម្ដេច​តា​នៃ​យើង ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ កើតឡើង​ពី​ការអនុវត្តន៍ គោលនយោបាយ «​បង្រួបបង្រួម​ជាតិ​» ខ្មែរ​តែ​មួយ
ផ្សាយនៅថ្ងៃទី: 20-12-2013, ចំនួនអ្នកអាន 6091ដង
​ភ្នំពេញ​៖  តាម​កំណត់ត្រា​ប្រវត្តិសាស្ត្រ បានឱ្យ​ដឹង​យ៉ាងច្បាស់​ថា កាលពី​ឆ្នាំ​១៩៤៧ សម្តេចឪ សម្ដេច​តា សម្ដេច​តា​ទួត ព្រះករុណា ព្រះបាទ​សម្ដេចព្រះ នរោត្ដម សីហនុ បាន​ដឹកនាំ​ប្រទេស ទទួលបាន​ជោគជ័យ ក្នុង​ការទាមទារ ឲ្យ​ព្រះរាជាណាចក្រ​ថៃ សង​មក​កម្ពុជា​វិញ នូវ​ខេត្ត​ខ្មែរ​មួយចំនួន​ដូចជា ខេត្ត​បាត់ដំបង សៀមរាប កំពង់ធំ ស្ទឹងត្រែង ដែល​ថៃ​បាន​យក​ពី​កម្ពុជា​ទៅ នៅក្នុងពេល​មាន​សង្គ្រាមលោកលើកទី ២ ។​

​មិនតែប៉ុណ្ណោះ ចាប់ពី​ឆ្នាំ​១៩៥២ ដល់​ឆ្នាំ​១៩៥៣ ព្រះអង្គ​បាន​យាង​បំពេញ ព្រះរាជ​បូជនីយកិច្ច ទាមទារ​ឯករាជភាព ដណ្ដើម​បាន​ជោគជ័យ​ទាំងស្រុង ដោយ​រំដោះ​ប្រទេស​ជាតិ និង​ប្រជារាស្ត្រ​ខ្មែរ​មួយ​នគរ ចេញពី​នឹម​អាណានិគម​បារាំង នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ និង​បាន​ដឹកនាំ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​បាន​ចូល​ជា​សមាជិក អង្គការសហប្រជាជាតិ នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​១៩៥៥ ព្រមទាំង​បាន​បង្កើត​សម័យ សង្គមរាស្ត្រនិយម ដ៍​រីកចម្រើន​រុងរឿង ដែល​ទទួលបាន ការគោរព កោតសរសើរ​យ៉ាង​ខ្លាំង​ក្លា​បំផុត ។ កាលនោះ នៅ​ឆ្នាំ​១៩៥៦ ព្រះអង្គ​បាន​ក្លាយជា ព្រះបិតា​ស្ថាបនិក​ទី​៥ នៃ​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ នៅ​ប្រ៊ី​យ៉ូនី (BRIONI) នៃ​សាធារណរដ្ឋ សហព័ន្ធ សង្គមនិយម យូ​ហ្គោ​ស្លា​វី ទៀតផង ។​

​លើសពីនេះ ក្រោយពេល សមាជិក​សភា​ខ្មែរ បាន​សម្រេច​ជា​ឯកច្ឆន្ទ ជ្រើសតាំង​ព្រះអង្គ ជា​ព្រះប្រមុខរដ្ឋ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ឆ្នាំ​១៩៦០ បន្ទាប់​ពី​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សុរាម្រិត ទ្រង់​សោយ​ព្រះ​ទិវង្គត​នោះ នៅ​ឆ្នាំ​១៩៦១ ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ បាន​ដឹកនាំ​ព្រះរាជ​បូជនីយកិច្ច ទាមទារ​យក​ប្រាសាទ ព្រះវិហារ​ខ្មែរ ពី​ប្រទេស​ថៃ​មក​វិញ បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ តាមរយៈ​ការសម្រេច នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២ របស់​តុលាការ​អន្តរជាតិ ទី​ក្រុងឡាអេ ។​

​ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ​បំផុត នៅក្នុង​ពេល​ដែល​សម្តេច​ឪ សម្ដេច​តា សម្ដេច​តា​ទួត ព្រះករុណា ព្រះបាទ​សម្ដេចព្រះ នរោត្ដម សីហនុ បាននិងកំពុង​ដឹកនាំ ព្រះរាជា ណាចក្រ​កម្ពុជា ទទួលបាន​ជោគជ័យ និង​មាន​ការរីកចម្រើន​រុងរឿង ជា​បន្តបន្ទាប់ យ៉ាង​ឆាប់រហ័ស​នោះ បែរជា​មាន​បរទេស​ជិត​ឆ្ងាយ ជា​អមិត្ត​មួយ​ក្ដាប់​តូច នាំគ្នា​ច្រណែន​និន្ទា ឈ្នានីស​យ៉ាងខ្លាំងបំផុត ចំពោះ​មោទនភាព​នៃ​កម្ពុជា ។ ពួកគេ​ទាំងនោះ តែងតែ​ព្យាយាម បំផ្លិចបំផ្លាញ ឬ​បំបែកបំបាក់​កម្ពុជា​ជា​បន្តបន្ទាប់ ដោយសារតែ​ពួកគេ មាន​ការភ័យខ្លាច ឬ​មិន​ចង់ឱ្យ​កម្ពុជា មាន​សុខសន្តិភាព និង​ការ​អភិ​វឌ្ឈន៍ រីកចម្រើន​រុងរឿង លើ​គ្រប់​វិស័យ ដោយ​ពឹងផ្អែក​លើ កម្លាំង​ខ្លួនឯង (​មិន​ខ្ចីបុល ឬ​សុំ​ជំនួយ​ពី​ពួកគេ ជា​បរទេស​ជិត​ឆ្ងាយ​) នោះឡើយ ។​

​ជាក់ស្ដែង នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​១៩៧០ លោក​សេនាប្រមុខ លន់ នល់ និង​បក្ខពួក (​ជា​បរិវា របស់​មហាអំណាច​អាមេរិក​) បាន​ធ្វើ​រដ្ឋប្រហារ ទម្លាក់​សម្តេច​ឪ សម្ដេច​តា សម្ដេច​តា​ទួត ព្រះករុណា ព្រះបាទ​សម្ដេចព្រះ នរោត្ដម សីហនុ ពី​ព្រះប្រមុខរដ្ឋ ខណៈ​ព្រះអង្គ​កំពុង បំពេញ​ព្រះរាជទស្សនកិច្ច​ផ្លូវការ នៅ​សហភាព សូវៀត ។ ចូលមក​ដល់​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​១៩៧០ ព្រះអង្គ​បាន​បង្កើត ចលនា​តស៊ូ​មួយ​ឈ្មោះ «​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា​» (FUNC) ដែលមាន ព្រះអង្គ គង់​ជា​ព្រះប្រធាន និង​បាន​បង្កើត​នូវ រាជរដ្ឋាភិបាល រួបរួម​ជាតិ​កម្ពុជា (GRUNK)…  ហើយ​នៅ​ខែ​មេសា ឆ្នាំ​១៩៧០ ព្រះអង្គ​ជា​អ្នក​ផ្តួចផ្តើម នៃ​សន្និសីទ​កំពូល របស់​ប្រជាជន​ឥណ្ឌូចិន នៅ​កង់​តុង សាធារណរដ្ឋ ប្រជាមានិត​ចិន ។​

​ជា​បន្តបន្ទាប់​មក​ទៀត នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ កងទ័ព​ប្រជាជន រំដោះជាតិ នៃ​រណសិរ្ស រួបរួម​ជាតិ​កម្ពុជា (FUNC) ដណ្តើមបាន​ជ័យជំនះ ទាំងស្រុង​នៅ​កម្ពុជា ។ ពេលនោះ «​កម្ពុជា​ប្រជាធិបតេយ្យ » ក៍​ត្រូវបាន​បង្កើតឡើង ដែល​មាន​ព្រះអង្គ (​នរោត្តម សីហនុ​) ជា​ព្រះ ប្រធាន ។ ប៉ុន្តែ​នៅ​ខែ​មេសា ឆ្នាំ​១៩៧៦ ព្រះអង្គ និង​សម្តេច​ព្រះរាជ អគ្គមហេសី នរោត្តម មុនីនាថ ត្រូវបាន​ពួក​ខ្មែរក្រហម បង្ខំ​ឃុំឃាំង​ព្រះកាយ ឱ្យ​គង់​នៅ​តែ​ក្នុង ព្រះបរមរាជវាំង ព្រមទាំង​ពួកវា​បាន​ធ្វើគ​ត ព្រះ​រាជបុត្រា ព្រះ​រាជបុត្រី​មួយចំនួន របស់​ព្រះអង្គ​ទៀតផង ក្រោយពី​ព្រះអង្គ បាន​សុំ​លាលែង ពី​តំណែង​ជា​ប្រធាន នៃ​របប​កម្ពុជា ប្រជាធិបតេយ្យ​នេះ ។​

​បន្ទាប់ពី​របប​កម្ពុជា ប្រជាធិបតេយ្យ ឬ​ពួក​ខ្មែរក្រហម បាន​ដួលរលំ នៅ​ខែ​មករា ឆ្នាំ​១៩៧៩ ហើយ​កងទ័ព​យួន បាន​ចូល​មក​ឈ្លានពាន ពេញ​ប្រទេស​កម្ពុជា​នោះ  សម្តេចឪ សម្ដេច​តា សម្ដេច​តា​ទួត ព្រះករុណា ព្រះបាទ​សម្ដេចព្រះ នរោត្ដម សីហនុ ត្រូវបាន​ជ្រើសតាំង ជា​ព្រះប្រធាន កម្ពុជា​ប្រជាធិបតេយ្យ ជា​លើក​ទី​២ នៅ​ឆ្នាំ​១៩៨២ និង​ចាប់ពី​ឆ្នាំ​១៩៨២ ដល់​ឆ្នាំ​១៩៩០ ព្រះអង្គ​ជា​ព្រះប្រធាន នៃ​ចលនា​តស៊ូ​ជាតិ​កម្ពុជា (CNR) ។ ចាប់ពី​ឆ្នាំ​១៩៨៧ រហូតមក ព្រះអង្គ​បាន​ខិតខំ អស់​ពី​ព្រះកាយពល ដើម្បី​បង្រួបបង្រួម ភាគី​ជម្លោះ​កម្ពុជា​ទាំងអស់ រិះរក​នូវ​ដំណោះស្រាយ នយោបាយ​សមស្រប ដើម្បី​បញ្ចប់​ជម្លោះ​នៅ​កម្ពុជា ។​

​មកដល់​ឆ្នាំ​១៩៩១ ព្រះអង្គ​បាន​ប្រកាស​ជា​ឱឡារិក នូវ​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់ ដោយ​ទទួលស្គាល់ ការឈប់​បាញ់​គ្នា ជា​បណ្តោះអាសន្ន នៅ​កម្ពុជា​ទាំងមូល និង​បញ្ឈប់​ការផ្តល់ ជំនួយ​យោធា ពី​ប្រទេស​ដទៃ ដល់​កងទ័ព​កម្ពុជា ទាំង​៤​ភាគី ។ ទីបំផុត​នៅ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ ១៩៩១ ព្រះអង្គ​បាន​យាង ចាកចេញ​ពី​ប្រធាន នៃ​កម្ពុជា​ប្រជាធិបតេយ្យ និង​ចលនា​តស៊ូ ជាតិ​កម្ពុជា ដើម្បី​ដាក់​ព្រះកាយ​ព្រះអង្គ គង់​ខ្ពស់​ផុត​ពី​លើ​ភាគី នយោបាយ​ទាំងអស់ នៅ​កម្ពុជា ។​

​ត​មក​ទៀត បន្ទាប់ពី​ត្រូវ​បាន សមាជិក​ទាំង​១១ នៃ​ក្រុមប្រឹក្សា​ជាតិ ជាន់ខ្ពស់​កម្ពុជា (CNC) ជ្រើសតាំង​ព្រះអង្គ ជា​ព្រះប្រធាន «​អព្យាក្រិត​» រួចមក ព្រះអង្គ​បាន​ឡាយ ព្រះហស្តលេខា ជាមួយ​សមាជិក នៃ​ក្រុមប្រឹក្សា​ជាតិ​នេះ និង​តំណាង​រដ្ឋាភិបាល នៃ​ប្រទេស​ចំនួន​១៨ ព្រមទាំង​លោក​អគ្គលេខាធិការ អង្គការសហប្រជាជាតិ «​លើ​កិច្ចព្រមព្រៀង ស្តី​ពី​ដំណោះស្រាយ នយោបាយ​រួម​មួយ នៃ​ជម្លោះ​កម្ពុជា​» នា​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​១៩៩១ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង និង​បាន​យាង​និវត្ត មក​កាន់​រាជធានី​ភ្នំពេញ​វិញ នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ ១៩៩១ ប្រកបដោយ​សុវត្ថិភាព ។​

​ក្នុង​ព្រះបរមនាម​ជា សម្តេចឪ សម្ដេច​តា សម្ដេច​តា​ទួត ជាទី​គោរព​ស្រឡាញ់ ខ្ពង់ខ្ពស់​បំផុត នៃ​កម្ពុជា​នោះ ព្រះករុណា ព្រះបាទ​សម្ដេចព្រះ នរោត្ដម សីហនុ បាន​បំពេញ​ព្រះរាជកិច្ច ដ៏​ឧត្តុង្គឧត្តម​បំផុត ក្នុង​ការបង្រួបបង្រួម​ជាតិ បញ្ចប់សង្គ្រាម បង្ហូរឈាម​គ្នា និង​បញ្ចប់​នូវ តំបន់អបគមន៍ បែងចែក​ទឹកដី ដើម្បី​ស្វែងរក​សន្តិភាព និង​ការ​អភិ​វឌ្ឈន៍​នៅ​កម្ពុជា តាមរយៈ​ការធ្វើឲ្យ ចេញ​ជា​រូបរាង នូវ​ដ្ឋា​ភិបាល​ចម្រុះ​មួយ ដែល​មាន​សហនាយករដ្ឋមន្ត្រី (​នាយករដ្ឋមន្ត្រី ២​នាក់​) បន្ទាប់​ពី​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច បាន​ឈ្នះឆ្នោត ភ្លូកទឹកភ្លូកដី ក្នុង​ឆ្នាំ​១៩៩៣… ហើយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បដិសេធ មិន​ទទួលស្គាល់ លទ្ធផល​នៃ​ការបោះឆ្នោត ដែល​រៀបចំឡើង ដោយ​អង្គការ សហប្រជាជាតិ ហៅ​កាត់​ថា អ៊ុនតាក់ ។ ជា​លទ្ធផល​ស្ដែងចេញ ពី​ការបង្រួបបង្រួម​ជាតិ​នោះ ព្រះអង្គ​បាន​ឡាយ ព្រះហស្តលេខា លើ​ព្រះរាជក្រម នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​១៩៩៣ ប្រកាស​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ នូវ​រដ្ឋធម្មនុញ្ញ​ថ្មី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ចាប់ពី​ឆ្នាំ​១៩៩៣ រហូតមក ប្រជារាស្ត្រ​កម្ពុជា គ្រប់​និន្នាការ នយោបាយ​ទាំងអស់ តែង​នាំគ្នា​ចាត់ទុក​សម្តេចឪ សម្ដេច​តា សម្ដេច​តា​ទួត ព្រះករុណា ព្រះបាទ​សម្ដេចព្រះ នរោត្ដម សីហនុ ជា​និមិត្តរូប នៃ​ការបង្រួបបង្រួម​ជាតិ ផ្សះផ្សា​ជាតិ ឯកភាព​ជាតិ និង​ជា​ព្រះបិតា ឯករាជ្យ​ជាតិ​ខ្មែរ ជាទី​គោរព​សក្ការៈ ដ៍​ខ្ពង់ខ្ពស់​បំផុត ។​

​ទោះបី​ព្រះអង្គ បាន​យាង​ចូល​ទិវង្គត​ទៅហើយ កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១២​ក្ដី ក៍រ​ហូត មកដល់ពេលនេះ និង​ប៉ុន្មាន​រយ​ឆ្នាំ ទៅមុខ​ទៀត​ក៍ដោយ ក៍​ប្រជារាស្ត្រ និង​អ្នកនយោបាយ​ខ្មែរ​ទាំងអស់ ជា​កូនចៅ ចៅទួត​របស់​ព្រះអង្គ នៅតែ​ចងចាំ​មិន​ភ្លេច នូវ​ព្រះរាជ​បូជនីយ​កិច្ច ដ៏​ឧត្តុង្គឧត្តម របស់​សម្តេចឪ សម្ដេច​តា សម្ដេច​តា​ទួត ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ក្នុង​ការដឹកនាំ​ការ បង្រួបបង្រួម​ជាតិ ដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ និង​ដើម្បី​កម្ពុជា ឯករាជ្យ អព្យាក្រឹត សន្តិ និង​សហប្រតិបត្តិ ជា​ដរាប​ដែរ ៕ ដោយ​៖ រតនៈ​
ផ្សាយនៅថ្ងៃទី: 29-10-2020, ចំនួនអ្នកអាន 9ដង