សកម្មភាពបទល្មើស ដឹកជញ្ជូនឈើ យ៉ាងគគ្រឹកគគ្រេង ពេលអ្នកសារព័ត៌មាន ខលធ្វើបទសម្ភាសន៍ បែជាមន្ត្រីជំនាញឆ្លើយថាគ្មានបទល្មើស
ខេត្តសៀមរាប៖បើយោងតាមសេចក្តីរាយការណ៍ការពីខេត្តសៀមរាបមកថា៖ថ្មីៗនេះ បទល្មើសព្រៃឈើកំពុងកក្រើកឡើងវិញហើយ បើតាមប្រភពពីប្រជាពលរដ្ឋ បានឲ្យអង្គភាពគេហទំព័រ«រស្មីជាយដែន»យើងដឹងថា មេឈ្មួញកំពុងដឹកជញ្ជូនឈើខុសច្បាប់តាមរថយន្តត្រេអ៊ី របស់ឈ្មោះ ហុល បានដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារ ឆ្លងកាត់ស្រុកស្វាយលើ បានធ្វើសកម្មភាពដឹកឈើប្រណិតខុសច្បាប់ ចូលមកខេត្តសៀមរាប ស្ទើររៀងរាល់យប់ ចំណែកលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត មិនហ៊ានចេញមុខមកបង្ក្រាប ឬមួយមានអាថ៍កំបាំងអ្វីនៅពីក្រោយ នៃ បទល្មើសព្រៃឈើនេះ។
តាមប្រភពពីសមត្ថកិច្ចម្នាក់ ដែលស្អប់ខ្ពើមក្រុមឈ្មួញរកស៊ីកាប់បំផ្លាញព្រៃឈើ និង មន្ត្រីពុករលួយបានឲ្យសារព័ត៌មានយើងដឹងថា មេឈ្មួញឈ្មោះ ហុល តែងតែដើរអួតក្តែងៗថា ខ្លួនមានខ្នងបង្អែកប៉េអឹមឈ្មោះ ហុង ជាអ្នកកាងឱ្យ ទើបខ្លួនធ្វើសកម្មភាពដឹកជញ្ជូនឈើមិនកោតញញើតមន្ត្រីជំនាញ។
សូមបញ្ជាក់ផងដែរថា៖ តាមប្រភព នៃការដឹកជញ្ជូនឈើតាមរយៈរថយន្តត្រេអ៊ីនេះ គឺឆ្លងកាត់ទីស្នាក់ការស្រុកស្វាយលើ ដោយបានចូលមកខេត្តសៀមរាបនេះយ៉ាងរលូន ហើយយកមក ចែកចាយតាមដេប៉ូក្នុងខេត្តសៀមរាបជារៀងរាល់ថ្ងៃ។
ទោះជាយ៉ាងមហាជនបានធ្វើការរិះគន់ទៅលើលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើ និង លោក ទាគឹម សុទ្ធ ប្រធានមន្ទីរកសិកម្មថា សង្ស័យត្រូវដងត្រូវផ្លែជាមួយក្រុមឈ្មួញបទល្មើសព្រៃឈើនេះ ហើយមើលទៅទើបមិនហ៊ានបង្ក្រាបយ៉ាងដូច្នេះ។
ពាក់ព័ន្ធការចោទប្រកាន់ដូចខាងលើអង្គភាពគេហទំព័រ«រស្មីជាយដែន»យើងនៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ បានខលទៅលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើលោកបានប្រាប់តាមរយ:ទូរស័ព្ទថា៖គឺសព្វថ្ងៃពុំមានបទល្មើសព្រៃឈើនោះទេ លោកបានបញ្ជាក់ទៀតថា នៅកន្លែងរបស់លោក គឺមានគណៈកម្មការឯកភាពខេត្តផង ស្រុកផង ប៉ូលីស ប៉េអឹមជំនាញរដ្ឋបាលព្រៃឈើ និងមានបងប្អូនអ្នកសារព័ត៌មាន បានចូលរួមសហការជាមួយលោកជារៀងរាល់ថ្ងៃផងដែរ។
ដោយឡែកនៅថ្ងៃដដែលអង្គភាពយើងក៏បានខលទៅលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម បានឲ្យដឹងថា៖ បើមានបទល្មើសព្រៃឈើ សូមខលប្រាប់លោក លោកនឹងដាក់កម្លាំងដើម្បីធ្វើការទប់ស្កាត់ភ្លាម៕