អំពើពុករលួយរបស់លោក ភ្លន់ តារា អតីតមេយោធាខេត្តបន្ទាយមានជ័យ ត្រូវបានលាតត្រដាង ជាសាធារណៈ
ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ទោ ភ្លន់ តារា អតីតមេយោធាខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន ជាមេបញ្ជាការង យោធភូមិភាគទី៥ ត្រូវបានបែកធ្លាយនូវអំពើពុករលួយរឿងយកឯកសារ ដីរបស់អង្គភាពកងទ័ពបង្កបង្កើនផល១៥០ហិកតា នៅស្រុកភ្នំស្រុក ទៅលក់ឲ្យឈ្មួញ ស៊ីដាច់ថ្នាក់ក្រោម ដោយរំលោភទំនុកចិត្តថ្នាក់លើបំពានលើលក្ខន្តិកៈកងទ័ព បានធ្វើអោយមានប្រតិកម្ម ពីថ្នាក់លើឈានដល់អង្គភាពយោធភូមិភាគទី៥ បានបង្កើតគណៈកម្មការចុះស្រាវជ្រាវ ឡើងវិញក្នុងរឿងនេះ។
បើយោងតាមរយៈឯកសារ បានបង្ហាញថា លោកឧត្តមសេនីយ៍ទោ ភ្លន់ តារា អតីតមេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តបន្ទាយមានជ័យ បានប្រមូលយកដីចំនួន១៥០ហិកតានៅទីតាំង ភូមិត្រពាំងស្វាយ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ សម្រាប់កងទ័ពបង្កបង្កើនផល និងចិញ្ចឹមសត្វទៅលក់ឲ្យ ឈ្មួញជាបន្តបន្ទាប់ចាប់ពីអំឡុងឆ្នាំ២០១២ រហូតដល់ដើមឆ្នាំ២០១៦។
ប៉ុន្តែត្រូវបែកធ្លាយមុននេះប្រមាណ១សប្តាហ៍ អាចនឹងឈានដល់មានការផ្តន្ទាទោស ឬអនុវត្តតាមលក្ខន្តិកៈកងទ័ព ប្រសិនបើការស្រាវជ្រាវការកោះហៅអ្នក ដែលពាក់ព័ន្ធសាក្សី រកឃើញថា លោកផ្កាយ២ ភ្លន់ តារា មានពាក់ព័ន្ធជាប់ ក្នុងអំពើល្មើសច្បាប់យក ដីអង្គភាព១៥០ហិកតា នោះលក់អោយឈ្មួញពិតប្រាកដមែន។
គួរម្លឹកថា កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១២ លោក ភ្លន់ តារា អតីតមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង ខេត្តបន្ទាយមានជ័យ បានធ្វើសំណើរមួយច្បាប់ទៅកាន់ឯកឧត្តម អ៊ុងអឿន កាន់តំណែងជា អភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ។ស្នើសុំអនុញ្ញាត ប្រើប្រាស់ដីស្រែចំនួន១៥០ហិកតា ស្ថិតនៅភូមិត្រពាំងស្វាយ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យយោធាខេត្តដុងថាប់ ភូមិភាគទី៩ នៃកងទ័ពប្រទេស វៀតណាម មកជួយផ្នែកបច្ចេកទេស កសិកម្មបង្កបង្កើនផល និងចិញ្ចឹមសត្វដល់យោធាកម្ពុជា។
ដីស្រែខាងលើនេះ គឺវរៈសេនាតូចលេខ១ ចំណុះតំបន់ប្រតិបត្តិការ សឹករងបន្ទាយមានជ័យ បានប្រើប្រាស់ធ្វើស្រែ និងចិញ្ចឹមសត្វពាហនៈផ្សេងៗ ចាប់តាំងពីឆ្នាំ២០០១ រហូតដល់បច្ចុប្បន្ន (២០១២)ហើយដីនេះ ពុំមានជាប់ព័ន្ធជាមួយ ប្រជាពលរដ្ឋនោះឡើយ។
តាមរយៈឯកសារ កិច្ចសន្យាទិញលក់ដី បានឲ្យដឹងថា ក្រោយពីការស្នើសុំបាន ដី១៥០ហិកតាខាងលើ នេះពីរដ្ឋបាលខេត្ត បានរួចហើយ លោកឧត្តមសេនីយ៍ទោ ភ្លន់ តារា មិនបានយកដីទាំងនោះ ទៅឲ្យកងទ័ពបង្កបង្កើន ផលនិងចិញ្ចឹម សត្វនោះទេ ផ្ទុយទៅវិញគាត់បានយកដីទាំងនោះទៅ លក់ឲ្យឈ្មួញចំនួន៨នាក់ ចាប់ពីអំឡុងឆ្នាំ២០១២ រហូតដល់ដើមឆ្នាំ២០១៦ និងទើបប្រមូល លុយបានអស់ នៅក្នុងឆ្នាំ២០១៨ ក្នុងតំលៃរាប់ម៉ឺនរាប់សែនដុល្លា។ប៉ុន្តែរឿងនេះបានដឹង ដល់ថ្នាក់លើនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០បញ្ជាដាច់ណាត់អោយអង្គភាព យោធភូមិភាគទី៥ ធ្វើកិច្ចការស្រាវជ្រា វដោយប្រញ៉ាប់បំផុត។
ពាក់ព័ន្ធករណីនេះ អង្គភាពសារព័ត៌មានយើ មិនអាចទាក់ទងសុំការ បំភ្លឺបានទេពីលោកផ្កាយ២ ភ្លន់ តារា បានទេពីព្រោះ លេខទូសព្ទ័បានបិទរហូតនៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ រហូតមកទល់ពេលនេះ។ប៉ុន្តែលោក សេង គី អតីតអភិបាល ស្រុកភ្នំស្រុក បានប្រាប់ អង្គភាពសារព័ត៌មាន យើងនាល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ថា សូមមើលឯកសារទៅករណីខ្ញុំបានចុះហត្ថលេខានោះ គឺក្នុងនាមប្រគល់ អោយអង្គភាពសឹករងខេត្តបន្ទាយមានជ័យ។ដីនេះជាដីរបស់រដ្ឋគ្រប់គ្រងដោយសាលាខេត្តបន្ទាយមានជ័យ ហើយអង្គភាពសឹករង ខេត្តបន្ទាយមានជ័យ ក៏ជាអង្គភាពរបស់រដ្ឋ ទើបលោកហ៊ានចុះហត្ថលេខាឲ្យ។
លោក សេង គី អតីតអភិបាលស្រុកភ្នំស្រុកបានបន្តថា បើកាត់ឲ្យឯកជនវិញកុំថាឡើយដល់ ទំហំដីជាង១០០ហិកតា សូម្បីតែ១ហិកតា ក៏លោកមិនហ៊ានចុះហត្ថលេខាដែរ ព្រោះជាដីរបស់រដ្ឋ។ចំណែកលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ បានទទួលស្គាល់ថា ដី១៥០ហិកតាដែលស្ថិតនៅភូមិត្រពាំងស្វាយ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជាដីអង្គភាពកងទ័ពពិតប្រាកដមែន កាលនោះលោកជាកូនចៅ គេមិនហ៊ានតវ៉ាទេ ខ្លាចមេចោទប្រកាន់ថា គាត់ប្តឹងបើកកកាយរឿងមេលក់ដីអង្គភាពនេះ។
ក្នុងនោះលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន បានប្រាប់ដឹង តាមទូរស័ព្ទទៀតថា ថាជុំវិញរឿងនេះថ្នាក់លើ បានចុះមកស្រាវជ្រាវបន្ត។ហើយប៉ុន្មានថ្ងៃនេះលោកក៏ បានឆ្លើយប្រាប់ផង ដែរថា ដីនេះជាដីអង្គភាព តំបន់ប្រតិបត្តិសឹករង បន្ទាយមានជ័យ ចំពោះបុគ្គលយកទៅលក់អោយឯកជន ជារឿងរបស់គាត់ ដោយសារសម័យនោះរូបលោកជាកូនចៅគឺគ្មានសិទ្ធឡើយ។
លោកឧត្តមសេនីយ៍ត្រី បានបន្ថែមទៀតថា បច្ចុប្បន្ននេះថ្នាក់លើបានចុះមកធ្វើអធិការកិច្ចហើយ រូបលោកបានត្រឹមតែចាំ ឆ្លើយប៉ុណ្ណោះ បន្ទាប់ពីខាងយោធភូមិភាគទី៥ កំពុងសើររើរឿងដីនេះ។ សូមបញ្ជាក់ថា បញ្ហាលោកផ្កាយ២ ភ្លន់ តារា យកដីរដ្ឋទំហំ១៥០ហិកតា មិនអាចពាក់ព័ន្ធនិងលោក ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិសឹករង បន្ទាយមានជ័យដែល ឡើងមកថ្មី ខណៈពេលនោះគាត់ មានឆន្ទៈធ្វើរបាយការណ៍ ក្នុងរឿងនេះជូនថ្នាក់លើពីទំហំដី១៥០ហិកតា ដែលស្ថិតក្នុងការ គ្រប់គ្រងរបស់អង្គភាព ត្រូវបានបាត់បង់ ហើយដល់បែក ធ្លាយទើបលោក ហ៊ានចេញមុខថាដី១៥០ហិកតា ដែលលោកផ្កាយ២ ភ្លន់ តារា បានយកទៅលក់ អោយឯកជន គឺជាដីរបស់អង្គភាព។ ជុំវិញខាងរឿងដីលើនេះ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការ យោធភូមិភាគទី៥ បានអោយដឹងថា លោកបានចាត់ចែង បង្កើតគណៈកម្មការរួចហើយ បន្ទាប់ពីទទួល ដំណឹងថា លោក ភ្លន់ តារា ត្រូវបានគេផ្សព្វផ្សាយ និងថ្នាក់តម្រូវអោយ ពិនិត្យឡើងវិញ៕