មេការសំណង់ជនជាតិថៃ បាញ់ពលករខ្មែរ នៅខេត្តរ៉ាក់យ៉ង បណ្តាលឲ្យរងរបួស៣និងស្លាប់១នាក់
ប្រទេសថៃ៖ថ្ងៃបើកលុយពលករខ្មែរនាំគ្នាជួបជុំផឹកស៊ីនៅរោងស្នាក់នៅរបស់កម្មករសំណង់ខុនដូ អរិ ជីន នៅក្បែរផ្លូវសុខុម វីត បំបែកជាបួនម៉ឺន សាំលី ឃុំម៉ាយតាភុត ខេត្តរ៉ាក់យ៉ង ប្រទេសថៃ ទាស់សម្តីសម្លេងតូច-ធំដាក់គ្នា ត្រូវមេការសំណង់ជាជនជាតិថៃ បាញ់បណ្តាលឲ្យស្លាប់១នាក់និងរងរបួសចំនួន៣នាក់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ កាលពីវេលាម៉ោងជាង១២យប់កណ្តាលអាធ្រាត ឈានចូលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។
បើយោងតាមការចុះផ្សាយរបស់គេហទំពរ័ក្នុងស្រុករបស់ថៃបានបញ្ជាក់ថា មុនកើតហេតុ ខណៈដែលក្រុមកម្មករសំណង់ជនជាតិថៃ ខ្មែរ នឹងភូមា នាំគ្នាទៅងូតទឹកនៅបន្ទប់ លោកប្រៃ រោច ដែលជាមេការទទួលមើលការខុសត្រូវរោងស្នាក់នៅរបស់កម្មករ បានដើរមកពិនិត្យរបៀបរាបរយបរិវេណខាងលើ បានជួបក្រុមកម្មករខ្មែរនឹងភូមា ដែលធ្លាប់មានបញ្ហារឿងការផឹកស៊ីនៅក្នុងរោងកម្មករ ទើបចូលទៅជជែក ដើម្បីបកស្រាយឲ្យយល់ចិត្ត តែកម្មករទាំងខ្មែរនឹងភូមា មិនយល់ព្រមធ្វើឲ្យមានសម្លេងតូច-ធំកើតឡើង ទើបឈ្មោះ ប្រៃ រោច បានដកយកកាំភ្លើងខ្លីខ្នាត៣៨ពីចង្កេះ បាញ់ទៅលើក្រុមកម្មករសំណង់បណ្តាលឲ្យកម្មករសំណង់ខ្មែរ១នាក់ស្លាប់ និ៣នាក់ទៀតរងរបួសបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ។ បន្ទាប់មកកម្មករដែលធ្វើការជាមួយគ្នាទាំងជនជាតិខ្មែរ និងភូមា បាននាំគ្នាចូលទៅដណ្ដើមកាំភ្លើងពីមេការសំណង់ដែលជាជនជាតិថៃ ប្រតែងប្រទង់គ្នារហូតឈានដល់ការជាន់ពីលើបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។
បន្ទាប់ពីទទួលបានការរាយការណ៍ពីក្រុមសង្រ្គោះខេត្តរ៉ាក់យ៉ងថា មានករណីប្រើកាំភ្លើងបាញ់បាញ់គ្នាស្លាប់ នៅរោងស្នាក់នៅរបស់កម្មករសំណង់ សមត្ថកិច្ចក៏ចុះទៅកន្លែងកើតហេតុ ប្រទះឃើញមនុស្សស្លាប់ដេកក្នុងថ្លុកឈាម នៅមុខបន្ទប់ទឹកដោយគេស្គាល់ឈ្មោះ ប្រៃរោច នួលសៈង៉ា អាយុ៦១ឆ្នាំ ជាមេការមើលការខុសត្រូវរោងស្នាក់នៅរបស់កម្មករ នឹងប្រទះឃើញកាំភ្លើងខ្នាត៣៨ ធ្លាក់នៅក្បែរបង្គន់ក្នុងបន្ទប់ទឹក១ដើម។
ក្រៅពីនោះមានមនុស្សត្រូវគ្រាប់កាំភ្លើងរងរបួសស្រាល-ធ្ងន់ចំនួន៤នាក់ ក្រុមសង្រ្កោះបញ្ជូនទៅមន្ទីរពេទ្យរ៉ាក់យ៉ង ហើយក្នុងនោះមានកម្មករខ្មែរចំនួន៣នាក់ នឹងជនជាតិថៃ១នាក់ ដោយអ្នកដែលរងរបួសធ្ងន់បានស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ១នាក់ ជាកម្មករខ្មែរ។
ក្រោយពីកើតហេតុសមត្ថកិច្ចតម្រួត បានអញ្ជើញសាក្សីដែលឃើញហេតុការណ៍ទៅសាកសួរ ដើម្បីរកមូលហេតុនឹងការពិតបន្ត៕