ឆេះតូបអាជីវករខ្មែរ នៅផ្សាររោងក្លឿ ទាំងព្រឹកបណ្តាលមកពីផ្ទុះកាបីនភ្លើង
ប្រទេសថៃ៖ករណីអគ្គីភ័យឆាបឆេះតូបរបស់អាជីវករខ្មែរ នៅចំណុចអាគារ(ចចាន១) ផ្សារចាស់ផ្សារោងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ នាវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ តាមសេចក្តីរាយការបានឲ្យដឹងថា បណ្តាលមកពីផ្ទុះកាបីនភ្លើង បង្កឲ្យមានការឆាបឆេះតូបចំកែង ១តូបមានទ្វាចំនួន៣ បង្កឲ្យមានការភ្ញាក់ផ្អើល។
បើតាមសេចក្តីរាយការណ៍បន្តថា មុនកើតហេតុគេបានឃើញផ្សែងយ៉ាងសន្ធោសន្ធៅ ចេញពីក្នុងតូបបង្កឲ្យមានការភ្ញាក់ផ្អើល ដល់អាជីវករ និងសន្តិសុខយាមផ្សារ ក្រោយមកសន្តិសុខផ្សារបានរាយការណ៍ដល់កម្លាំងសមត្ថកិច្ចថៃ ភ្លាមនោះអាជ្ញាធរថៃបាននាំយកនូវរថយន្តពន្លត់អគ្គីភ័យ មកធ្វើការបាញ់ពន្លត់ ដោយប្រើអស់រយៈពេលប្រមាណជិត១ម៉ោង ទើបគ្រប់គ្រងស្ថានការបាន ដោយរលត់ទៅវិញទាំងស្រុង នៅវេលាម៉ោង៩ ដោយមិនឆេះរាលដាលដល់តូបផ្សេង។
ប្រភពព័ត៌មានបានឲ្យដឹងថា តូបដែលរងការឆាបឆេះនេះ គឺផ្ទុកដោយសំលៀកបំពាក់ថ្មី។ហើយទំហំនៃការខូចខាតទាំងឆេះនិងត្រូវទឹកអស់ប្រមាណជាងពាក់កណ្តាល តែមិនទាន់ដឹងចំនួនទឹកប្រាក់នៅឡើយ ដោយអាជ្ញាធរថៃកំពុងតែធ្វើកំណត់ហេតុ។
គួបញ្ជាក់ផងដែរថា នាពេលកន្លងមកអាជីវករខ្មែរ ដែលលក់ដូរនៅផ្សាររោងក្លឿ ប្រទេសថៃ រងគ្រោះដោយសារអគ្គីភ័យឆាបឆេះតូប ជារឿយៗបង្កឲ្យខាត់បង់ទ្រព្យសម្បត្តិ និងថវិការយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។ក្នុងនោះអាជ្ញាធរប្រទេសទាំងពីកម្ពុជា -ថៃ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គីភ័យ មុនបិតទ្វាចាក់ចេញពីតូប ត្រូវបិតគប់ភ្លើងឲ្យបានត្រឹមត្រូវ។ជាងនេះទៅទៀតនៅពិធីបុណ្យទានសែនព្រេនម្តងៗ ពិសេសចូលឆ្នាំចិន-វៀតណាម,សែនក្បាលទឹក និងសែនជំនាងតូបជាដើម ត្រូវពិនិត្យនិងប្រុងប្រយ័ត្នចំពោះទៀន ធូប ដើម្បីការពារមិនឲ្យមានគ្រោះអគ្គីភ័យកើតឡើង៕