មហាជនបានធ្វើការរិះគន់ ទៅលើមេឈ្មួញម្នាក់មានឈ្មោះ ឆីន ឆាយ បានធ្វើសកម្មភាពកាយដីលក់ដោយរលូន ពុំមានច្បាប់អនុញាតពីស្ថាប័នពាក់ព័ន្ធ
ខេត្តបន្ទាយមានជ័យ៖បើតាមប្រភពពីប្រជាពលរដ្ឋ បានប្រាប់សារព័ត៌មានយើងឲ្យថា សព្វថ្ងៃមេឈ្មួញដែលគេស្គាល់ថាមាន ឈ្មោះ ឆីន ឆាយ បានកាយរណ្តៅយកអាចម៍ដីលក់ គឺលក់ឲ្យពលរដ្ឋនៅក្នុងភូមិគាប និងក្រុងសិរីសោភ័ណ ដោយមិនមានច្បាប់អនុញ្ញាត តែមន្ទីរ៉ែ និងថាមពលខេត្តបន្ទាយមានជ័យ អត់ទាន់ឃើញមានចំណាត់ការ។ទីតាំងរណ្តៅមួយនេះ នៅក្បែពន្ធនាគារខេត្តបន្ទាយមានជ័យ ចំងាយប្រហែល១០០ម៉ែត ទៅ២០០ម៉ែត ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ដោយយោងតាមច្បាប់របស់ក្រសួងរ៉ែ និងថាមពល គឺអនុញ្ញាតឲ្យជីកកាយរណ្តៅដី យកអាចម៌ដីលក់ គឺមិនឲ្យលើសពីជម្រៅ៤-៥ម៉ែតឡើយ។តែអ្វីគួរឲ្យកត់សម្គាល់រណ្តៅដីរបស់លោក ឆីន ឆាយ គឺមានជម្រៅលើសពី៥ម៉ែត។ដោយសារលោក ឆីន ឆាយ បានកាយរណ្តៅដី ដ៏ធំ និងមានជម្រៅជ្រៅ ដើម្បីយកអាចដីលក់ អាជ្ញាធរពាក់ព័ន្ធក្នុងក្រុងសិរីសោភ័ណ និងក្នុងខេត្តបន្ទាយមានជ័យ នៅរក្សាភាពស្ងាត់ស្ងៀមបែបនេះ បានធ្វើឲ្យពលរដ្ឋមួយចំនួននៅក្បែរទីតាំងរណ្តៅដីនោះ កំពុងមានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះកូនតូចៗរបស់ពួក ខ្លាចនាំគ្នាទៅលេង រឺងួតទឹកនៅពេល រណ្តៅនោះផ្ទុកដោយទឹកពេញនារដូវវស្សា។ក្នុងនោះផងដែរពលរដ្ឋខ្លះទៀតដែលមានដីជាប់ ឬក្បែរណ្តៅដីដ៏ជ្រៅនោះ កំពុងមានការព្រួយបារម្ភបារម្មណ៍ខ្លាចមានការបាក់ដីរបស់ពួកគាត់ នៅរដូវវស្សាខាងមុខនេះ ។
ជុំវិញបញ្ហាខាងលើ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ លោក ឆីន ឆាយ បានប្រាប់សារព័ត៌មានយើងតាមទូរស័ព្ទឲ្យដឹងថា រណ្តៅដីរបស់គាត់មានច្បាប់ត្រឹមត្រូវ ។ តែមន្ទីររ៉ែ និងថាមពល អនុញ្ញាតឲ្យជីកជម្រៅប៉ុន្មាន គឺលោកមិនបានដឹងទេ ព្រោះអត់បានមើលច្បាប់អនុញាត។
ដោយឡែកលោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តបន្ទាយមានជ័យ មិនអាចសុំការបំភ្លឺបាននោះទេ ថារណ្តៅដីរបស់លោក ឆីន ឆាយ មានច្បាប់ឬក៏អត់..! ដោយសារលោកបានប្រាប់តាមទូរស័ព្ទយ៉ាងខ្លីថា ឲ្យសារព័ត៌មានសួរទៅជំនាញ..! ពេលនោះសារព័ត៌មានយើងបានសួរថា តើឲ្យសួរទៅជំនាញណាទៀត? ស្រាប់តែលោកបាននិយាយថា ចាំគាត់សួរទៅការិយាល័យសិន ហើយលោកក៏បិទទូរស័ព្ទទៅ ៕