លោកវរសេនីយ៍ទោ ភឿក ព្រហ្ម នាយរងសេនាធិការដ្ឋាន តំណាងឲ្យលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានទទួលអំណោយមានគ្រឿងឧបភោគ បរិភោគ ពីអាជីវករនៅក្នុងក្រុង...
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃពុធទី០២ ខែមិថុនា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ ភឿក ព្រហ្ម នាយរងសេនាធិការដ្ឋាន តំណាងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលអំណោយមានគ្រឿងឧបភោគ បរិភោគ ពីអាជីវករក្នុងក្រុងសិរីសោភ័ណ មានដូចជា លោក យ៉ាំ យីវ និងលោកស្រីតាំង អៃហ៊ុង, ហាងលក់ទូរស័ព្ទដៃឆៃវីរ:យុទ្ធ, ផ្ទះសំណាក់MB, ផ្ទះសំណាក់ម្កុដមាស, លោក សុខ គីមឡាយ និងលោក ស វ៉ុយវ៉ឹង លក់គ្រឿងសង្ហារឹម។
អំណោយរួមមានដូចជា៖អង្ករទម្ងន់២៥០គីឡូក្រាម, មី៥០កេសតូច, ជែលលាងដៃចំនួន១០០ដប, ត្រីខចំនួន០៦កេសធំ, ទឹកសុទ្ធចំនួន២០កេស និង៥០យួរ,ទឹកស៊ីអ៊ីវ៤០យួរ, ដើម្បីចូលរួមចំណែកក្នុងការផ្គត់ផ្គង់ដល់កងកម្លាំងដែលប្រចាំការនៅតាមគោលដៅត្រួតពិនិត្យក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងតាមមណ្ឌលធ្វើចត្តាឡីស័ក ក្នុងខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះផងដែរជួសមុខលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកវរសេនីយ៍ទោ ភឿក ព្រហ្ម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជីវករទាំងអស់ និងជូនពរឱ្យរកស៊ីទទួលទានមានបាន សុខភាពមាំមួន ជាពិសេសជៀសឱ្យផុតពីជំងឺកូវីដ-១៩ និងជម្ងឺដ៏កាចសាហាវផ្សេងទៀត ព្រមទាំងធ្វើការផ្ដាំផ្ញើដល់អាជីវករទាំងអស់រួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការណ៍ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល ៣ការពារ និង ៣កុំ ព្រមទាំងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕