ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គីភ័យចំនួន៣គ្រួសារ ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល
ខេត្តកណ្តាល៖នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំដោយលោកស្រី ខុន លក្ខិណា សមាជិកាគណៈកម្មាធិការសាខា តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន ៣គ្រួសារ នៅឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
នាឱកាសនោះលោកស្រី ខុន លក្ខិណា បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងក្តីអាណិតអាសូរជាទីបំផុត។លោកស្រីបានបន្តថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងមានការគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ ។
អំណោយដែលផ្ដល់ជូនក្នុង ១គ្រួសារទទួលបាន អង្ករ ៥០គីឡូក្រាម ,មី ១កេស ,ត្រីខ ១០កំប៉ុង ,ទឹកសុទ្ធ ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ , ឃីត ១កញ្ចប់ ,ប្រេងឆា១ដប ,ម៉ាស់ ១០បន្ទះ ,អាល់កុល១ដប អាវយឺត៥ កៅស៊ូតង់១ និងថវិកាចំនួន៥០ម៉ឺនរៀលផងដែរ៕