មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ថ្លែងអគុណចំពោះថ្នាក់ដឹកនាំ អាជីវករ និងសប្បុរសជននានា បន្តផ្តល់អំណោយដល់កងកម្លាំងបំពេញប្រតិបត្តិការជួរមុខ
ខេត្តបន្ទាយមានជ័យ៖ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ បានថ្លែងអគុណចំពោះថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន អាជីវករ និងសប្បុរសជននានា ដែលបានបន្តនាំយកអំណោយ ផ្តល់ជូនកងកម្លាំងជួរមុខរបស់កងពលតូចថ្មើរជើងលេខ៥១ ដែលកំពុងបំពេញប្រតិបត្តិការ ក្នុងបេសកកម្មទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្រុមគ្រូពេទ្យយកសំណាក និងកម្លាំងបិទខ្ទប់ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា កងកម្លាំងរបស់កងពលតូចថ្មើរជើងលេខ៥១ គិតមកដល់ពេលនៅតែបន្តឈរជើងសហការជាមួយកងកម្លាំងចម្រុះ នៅតាមបន្ទាត់ព្រំដែន ដើម្បីទប់ស្កាត់ការលួចឆ្លងដែន គេចវេះពីការធ្វើចត្តាឡីស័ក រួមជាមួយការទប់ស្កាត់លួចនាំពលករទៅធ្វើការងារនៅប្រទេសថៃដោយខុសច្បាប់ និងបានចាប់មេខ្យល់ជាបន្តបន្ទាប់។ក្រៅពីកម្លាំងឈរជើងតាមព្រំដែន កម្លាំងមួយចំនួន របស់កងពល ក៏កំពុងបំពេញប្រតិបត្តិការបិទខ្ទប់តំបន់ក្រហមមួយចំនួនក្នុងក្រុងប៉ោយប៉ែត រួមជាមួយក្រុមគ្រូពេទ្យកងទ័ពចុះសហការជាមួយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ ជួយពន្លឿនការយកចំណាក ដើម្បីកាត់ផ្តាច់ការឆ្លងរីករាផងដែរ។
ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានបញ្ជាក់ថា ស្ថិតនៅក្នុងកាលៈទេសៈដ៏លំបាកនេះ កងទ័ពបានបំពេញតួនាទីយ៉ាងសកកម្ម ទាំងយប់ទាំងថ្ងៃ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ តាមបទបញ្ជាប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំកងទ័ពគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរមូលដ្ឋាន និងជាពិសេសបានផ្តល់អំណោយជាសម្ភារ ថវិកា និងគ្រឿងឧបភោគបរិភោគ ជាការលើកទឹកចិត្តដល់កងកម្លាំងជួរមុខមិនអាចកាត់ថ្លៃបាន។
ឧត្តមសេនីយ៍ត្រីបញ្ជាក់ទៀតថា ជំនួសមុខឲ្យនាយ-ពលទាហាន និងក្នុងខ្ញុំបាទផ្ទាល់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអាជ្ញាធរមូលដ្ឋាន អាជីវករ និងសប្បុរជននានា ដែលបានចំណាយថវិកាផ្ទាល់ខ្លួន ក្នុងស្មារតី សមរភូមិក្រោយគាំទ្រសមរភូមិមុខ និងសូមបួងសួងដល់វត្ថុស័ក្កិសិទ្ធិក្នុងលោកតាមបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យជូនចំពោះ ថ្នាក់ដឹកនាំ សប្បុរសជន ទាំងអស់សូមជួបនូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ៕