សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ប្រារព្វពិធីអបអសាទរ ខួបទី១៥៨ ទិវាពិភពលោកកាក បាទក្រហម និងអឌ្ឍចន្ទក្រហម ០៨ ឧសភា ឆ្នាំ២០២១
ខេត្តកំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធីអបអសាទរ ខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ០៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ "ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ"។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភាភូមិភាគ២ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងសប្បុរសជននានាក្នុងខេត្តផងដែរ។
រដ្ឋបាលខេត្តបញ្ជាក់ថា ការប្រារព្ធទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១នេះ ក្នុងគោលបំណងគឺដើម្បីគៀងគរថវិកាពីសសប្បុរសជននានា សម្រាប់ទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយបញ្ហាផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយ ប្រកាន់វណ្ណៈ ពូជសាសន៍ និងជំនឿសាសនាអ្វីឡើយ។តាមរយៈមូលនិធិនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានថ្លែងអគុណចំពោះ កាយវិការមនុស្សធម៌របស់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ជាសប្បុរសជនទាំងអស់ដែលបានបរិច្ចាគថវិកា សម្រាប់ទ្រទ្រង់ដល់សាខាកាកបាទក្រហមខេត្តកំពង់ចាម នាពេលនេះ៕