សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្តល់អំណោយស្បៀងអាហារ និងថវិកា ដល់រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ចែកជូនពលរដ្ឋ កំពុងអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី៨ ខែឧភា ឆ្នាំ២០២១ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ដល់រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ចែកជូនប្រជាពលរដ្ឋដែលជួបការខ្វះខាត នៅក្នុងអំឡុងពេលកំពុងអនុវត្តវិធានការការពារទប់ស្កាត់ជំងឺកូវីដ-១៩។
អំណោយដែលសម្តេចបានផ្តល់ជូនថ្នាក់ដឹកនាំរាជធានីភ្នំពេញ នៅភូមិគ្រឹះរបស់សម្តេចនាពេលនេះ មានថវិកាចំនួន២០លានរៀល អង្ករចំនួន១១ ២៤០គីឡូក្រាម គ្រឿងបរិភោគឧបភោគបរិភោគជាច្រើនទៀតដូចជា ត្រីខកំប៉ុង មី និងសម្ភារៈអនាម័យ មានអាកុល សាប៊ូ ថ្នាំដុសធ្នេញជាដើម។
នៅក្នុងឱសកាសនេះ សម្តេចប្រធានរដ្ឋសភា បានសម្តែងការសោកស្តាយ និងចូលរួមរមណទុក្ខ ចំពោះក្រុមគ្រួសារ ដែលមានសមាជិកបានស្លាប់បាត់បង់អាយុជីវិត ដោយសារជំងឺកូវីដ-១៩ និងបានជូនពរដល់ប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាលទាំងអស់បានឆាប់ជាសះស្បើយក្នុងពេលឆាប់ៗនេះ ហើយបានវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការរដ្ឋបាលនិងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន និងមិនត្រូវធ្វេសប្រហែសឡើយព្រោះថាជំងឺកូវីដ-១៩ នៅតែបង្កហានិភ័យខ្ពស់ដដែលនៅកម្ពុជាក៏ដូចជាពិភពលោកទាំងមូល បើទោះបីពេលនេះរាជរដ្ឋាភិបាល បានបញ្ចប់វិធានការបិទខ្ទប់នៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅ ខេត្តកណ្តាលយ៉ាងណាក្តី។សម្តេចក៏បានលើកទឹកចិត្តដល់ពលរដ្ឋ ទៅទទួលវ៉ាក់សំាងការពារជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលផ្តល់ជូនដោយឥតគិតថ្លៃ ដើម្បីការពារខ្លួនឯង ក្រុមគ្រួសារ ក៏ដូចជាសហគមន៍ និងបង្កើតភាពស៊ាំក្នុងសហគមន៍ សំដៅការពារទប់ស្កាត់កុំឲ្យជំងឺដ៏កាចសាហាវនេះ យាយីសង្គមជាតិកាន់តែធ្ងន់ធ្ងរឡើង៕