ប្រជាពលរដ្ឋចំនួន៥៨០គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិ នៅស្រុករមាសហែក ទទួលអំណោយពីក្រុមការងាររាជរដ្ឋាភិបាល
ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង អមដំណើរដោយឯកឧត្តមនាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាន នាំយកអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង អញ្ជើញចែកជូនដល់ប្រជាពលរដ្ឋចំនួន៥៨០គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិ និងអ្នកដែលរងរបួសដោយគ្រោះធម្មជាតិ ដែលស្ថិតក្នុងភូមិជីកដី ឃុំអណ្តូងត្របែក ភូមិក្រសាំង ឃុំក្រសាំង និងភូមិអន្សោង ឃុំជ្រៃធំ នៃស្រុករមាសហែក ខេត្តស្វាយរៀង។
ក្នុងឱកាសនោះលោកជំទាវក៏បានការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ដែលសម្តេចបានខិតខំប្រឹងប្រែងបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលជំម្ងឺកូវីដ១៩ ក៏ដូចជាការជម្រុញឲ្យប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងបានគ្រប់ៗគ្នា ព្រមទាំងការគិតគូរអំពីការផ្តល់ស្បៀង និងជំនួយសង្គ្រោះបឋមនៅតំបន់បិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល និងបានសំណូមពរឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការបម្រែបម្រួលអាកាសធាតុ និងគ្រោះធម្មជាតិជាដើម និងជាពិសេស ត្រូវគោរពតាមវិធានការណ៍របស់រាជរដ្ឋាភិបាល គឺ ៣ការពារ ៣កុំ ឲ្យបានជាប់ជាប្រចាំ។អំណោយដែលត្រូវផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី ១កេស និងថវិកាមួយចំនួន៕