ឯកឧត្តម អភិបាលខេត្តកែប អញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋជនជាតិខ្មែរ កាន់សាសនាឥស្លាម ដែលមានជីវភាពខ្វះខាត ក្នុងខែរ៉ម៉ាឌន ចំនួន១៥០គ្រួសារ
ខេត្តកែប៖នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដឹកនាំក្រុមការងារអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយជូនដល់ប្រជាពលរដ្ឋជនជាតិខ្មែរ កាន់សាសនាឥស្លាម ដែលមានជីវភាពខ្វះខាត ក្នុងខែរ៉ម៉ាឌន ចំនួន១៥០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ , ស្ករស , អំបិល , ប្រេងឆា, មី ,ទឹកដោះគោ , ទឹកសឺរ៉ូ ,ផ្លែល្មើយ ។
នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា បើទោះបីប្រទេសកម្ពុជា ប្រកាន់យកពុទ្ធសាសនាជាសាសនារបស់រដ្ឋក៏ដោយ តែសេរីភាពក្នុងការគោរពសាសនា របស់ប្រជាពលរដ្ឋត្រូវបានបើកទូលំទូលាយ ហើយសាសនាទាំងអស់ក្នុងប្រទេសកម្ពុជា រស់នៅជាមួយគ្នាយ៉ាងសុខសាន្ត ពុំដែលមានទំនាស់សាសនាឡើយ និងបានអប់រំដឹកនាំប្រជាពលរដ្ឋកម្ពុជា អោយដើរក្នុងផ្លូវល្អ ប្រកាន់សុចរិត និងដើរតាមមាគ៌ាសាសនា ចូលរួមគោរពច្បាប់រដ្ឋ បានយ៉ាងល្អប្រសើរ។
ឯកឧត្តមបន្ថែមថា ប្រមុខរាជរដ្ឋភិបាល លោកបានគិតគូរដល់ គ្រប់សាសនាទាំងអស់ក្នុងប្រទេសកម្ពុជា ដោយបានផ្តល់ឱកាសក្នុងការគោរពប្រតិបត្តិ សាសនាដូចៗគ្នា ជាពិសេសក្នុងរដូវកាលចូលបួស នៃខែរ៉ម៉ាឌន របស់បងប្អូនខ្មែរ សាសនិកឥស្លាម ជារៀងរាល់ឆ្នាំថ្នាក់ដឹកនាំតែងតែបានផ្តល់ជូននូវអំណោយពុំដែលខានឡើយ ដែលបង្ហាញអោយឃើញពីឥរិយាបទល្អ ប្រកាន់យកនូវសិល្ប:ចែករំលែក ជួយគ្នាទៅវិញទៅមក របស់ខ្មែរយើង។
ទន្ទឹមនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទូទៅនៅក្នុងខេត្តកែប សូមចូលរួមអោយបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ នឹងរស់នៅតាមបែបគន្លងថ្មី៕