ភ្លៀង រន្ទះ ខ្យល់កន្ត្រាក់ខ្លាំង បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋជិត២០០ខ្នង រងការខូចខាត រីឯផ្សារមង្គល ដួលរាបដល់ដី បណ្តាលឲ្យម៉ូតូ និងរថយន្តជាច្រើនគ្រឿងរងការខូចខាតយ៉ាងដំណុំ
ខេត្តបន្ទាយមានជ័យ៖ក្នុងករណីគ្រោះធម្មជាតិ មានភ្លៀង រន្ទះ ខ្យល់កន្ត្រាក់ខ្លាំង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋជិត២០០ខ្នង រងការខូចខាត និងរោងត្រួតពិនិត្យរបស់កងកម្លាំង ដែលកំពុងឈរជើងនៅកន្លែងបិតខ្ទប់ចេញ-ចូលក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតប៉ើងដួលរលំបង្កឲ្យខូចខាតសម្ភារៈមួយចំនួន ចំណែកឯកងកម្លាំងសើមជោគជាំពេញខ្លួន
រីឯផ្សារមង្គល ស្ថិតនៅក្នុងភូមិ/សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដួលរាបដល់ដី បណ្តាលឲ្យម៉ូតូ និងរថយន្តជាច្រើនគ្រឿងរងការខូចខាតយ៉ាងដំណុំ សំណាងល្អមិនបណ្តាលឲ្យមានមនុស្សគ្រោះថ្នាក់។
ពាក់ព័ន្ធទៅនឹងបញ្ហាគ្រោះមហន្តរាយនេះដែរបើតាម លោក ឈុន ប៊ុនថា សមាជិកគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យបានឲ្យដឹងថា សម្រាប់ខេត្តបន្ទាយមានជ័យករណីគ្រោះធម្មជាតិ មានភ្លៀង រន្ទះ និងខ្យល់កន្ត្រាក់ខ្លាំង ដែលបានកើតឡើងកាលពីយប់ថ្ងៃទី០៥ ឧសភា គិតមកត្រឹមម៉ោង៩ព្រឹក ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ រងងផសប៉ះពាល់លើស្រុក៤ ក្រុង ១ លើឃុំចំនួន៧ឃុំ-សង្កាត់ បណ្តាលឲ្យខូចខាតផ្ទះចំនួន ១៧៣ខ្នង / ធ្ងន់ធ្ងរ ចំនួន៥៣ខ្នង,សាលាឆាន់១ខ្នង , រលំផ្សារមង្គល (៥០មx៦០ម) ១ខ្នង និងខូចខាតរថយន្តតូច ធំចំនួន១៤គ្រឿង , ម៉ូតូចំនួន៨គ្រឿង។
លោក ឈុន ប៊ុនថា បញ្ជាក់ថា ស្រុង ក្រុង ឃុំ/សង្កាត់ ដែលរងផលប៉ះពាល់នោះរួមមាន៖
១.ក្រុងប៉ោយប៉ែត៖
- សង្កាត់ប៉ោយប៉ែត របើកដំបូល ចំនួន១៧ ខ្នង , រលំផ្សារមង្គល(៥០មx៦០ម) ១ខ្នង ខូចខាតរថយន្តតូច ធំ ចំនួន១៤គ្រឿង ,ម៉ូតូ ៨គ្រឿង។
- សង្កាត់ផ្សារកណ្តាល របើកដំបូល ចំនួន ២៤ខ្នង
- សង្កាត់និមិត្ត របើកដំបូល ចំនួន ៣៤ខ្នង / ធ្ងន់ធ្ងរ ២៧ខ្នង
២. ស្រុកអូរជ្រៅ ៖
- ឃុំអូរបីជាន់(២ភូមិ) សរុប ចំនួន ៣១ខ្នង។
៣. ស្រុកព្រះនេត្រព្រះ ៖
-ឃុំបុស្បូវ (៥ភូមិ) សរុប ចំនួន៦២ខ្នង / ធ្ងន់ធ្ងរ ២៦ខ្នង សាលាឆាន់ ១ខ្នង។
៤. ស្រុកថ្មពួក ៖
- ឃុំគោករមៀត(២ភូមិ) សរុប ៥ខ្នង អស់ស័ង្កសី ចំនួន ៨០សន្លឹក ។
៥. ស្រុកម៉ាឡៃ៖
- ឃុំបឹងបេង (១ភូមិ) សរុប ៤ខ្នង ផងដែរ៕