គណៈបញ្ជាការឯកភាព ខេត្តបន្ទាយមានជ័យ បើកប្រជុំបន្ទាន់ ដើម្បីពង្រឹងប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩
ខេត្តបន្ទាយមានជ័យ៖ដើម្បីជំរុញឲ្យការងារ នៃការបង្ការទប់ស្កាត់នូវជំងឺកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដែលអាចឈានទៅកាត់ផ្ដាច់បាននូវការរីករាលដាល នៃជំងឺនេះក្នុងពេលដ៏ខ្លីខាងមុខនេះ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បានបើកប្រជុំបន្ទាន់មួយ ដើម្បីពង្រឹងប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំង និងជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅក្នុងសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួម គ្រប់ប្រធានមន្ទីរជុំវិញខេត្ត និងមន្ត្រីជាប់ពាក់ព័ន្ធជាច្រើននាក់ផងដែរ។ជាមួយគ្នានោះដែរឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងជាអភិបាលខេត្តបានមានប្រសាសន៍ថា គោលបំណងក្នុងកិច្ចប្រជុំនេះគឺដើម្បីត្រួតពិនិត្យការងារមួយចំនួនរបស់កម្លាំងមានសមត្ថកិច្ចចំណុះឲ្យគណៈបញ្ជាការឯកភាព ខេត្តបន្ទាយមានជ័យ និងដាក់ទិសដៅបន្តក្នុងកិច្ចការពារជំងឺរាតត្បាតជំងឺកូវីដ១៩ នេះ។
ឯកឧត្តម អ៊ុំ រាត្រី បញ្ជាក់ថា អង្គភាពទាំង៣មានកម្លាំងអាវុធហត្ថ កម្លាំងនគរបាល និងកម្លាំងយោធាកំពុងបំពេញការងារនៅតាមតំបន់ក្រហម ឋិតក្នុងភូមិសាស្តក្រុងប៉ោយប៉ែតជាតំបន់បិទខ្ទប់យ៉ាងសកម្ម បន្ទាប់បន្សំនៅក្រុងសិរីសោភ័ណ នៃខេត្តបន្ទាយមានជ័យ ក្រុមការងារ អាជ្ញាធរ កងកម្លាំង សុខាភិបាល កំពុងបន្តពន្លឿនស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ប្រយោល ដើម្បីយកសំណាក់ពិនិត្យ និងចេញលទ្ធផលនៅពេលខាងមុខនេះ។
ទន្ទឹមនោះឯកឧត្តម អ៊ុំ រាត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតំបន់បិទខ្ទប់ និងតំបន់មានការពាក់ព័ន្ធ សូមចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលគឺ ៣ការពារ និង៣កុំ ឲ្យបានខ្ញាប់ខ្ជួនបំផុត៕