លោកជំទាវ បាន ស្រីមុំ បើកប្រាក់ឧបត្ថមដល់លោកតា លោកយាយ ចាស់ជរាក្រីក្រគ្មានទីពឹង របស់មូលនិធិចាស់ជរាក្រីក្រី គ្មានទីពឹងនៅខេត្តប៉ៃលិន
ខេត្តប៉ៃលិន៖នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានមូលនិធិចាស់ជរាក្រីក្រីគ្មានទីពឹង ដោយមានអញ្ជើញចូលរួមពីឯកឧត្តម អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ព្រមទាំងក្រុមការងារ អាជ្ញាធរមូលដ្ឋាន យុវជន ស.ស.យ.ក ខេត្ត បានចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងថវិកាឧបត្ថម្ភប្រចាំខែ ឧសភា របស់ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន ជូនលោកយាយលោកតា ចាស់ជរាគ្មានទីពឹងទូទាំងខេត្តប៉ៃលិន ដើម្បីជួយសម្រួល ពីទុក្ខលំបាកក្នុងគ្រាកំពុងជួបបញ្ហាវិបត្តិកូវីដ-១៩ ។
ប្រភពព័ត៌មានបានឱ្យដឹងថា៖ជារៀងរាល់ថ្ងៃទី៥ នៃខែនីមួយៗ ចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិន តែងតែទទួលប្រាក់មូលនិធិ (ឧបត្ថម្ភ) ប្រចាំខែពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ជាក់ស្តែងនៅពេលនេះ ក្រុមការងារមូលនិធិគាំទ្រសុខភាពនិងសង្គ្រោះបន្ទាន់ ជនចាស់ជរាគ្មានទីពឹងខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិផ្តល់ជូនពួកគាត់ ក្នុងម្នាក់ចំនួន១០០.០០០រៀល (មួយសែនរៀលគត់) ។ការផ្តល់មូលនិធិនេះ រៀបចំនៅការិយាល័យតំណាងរាស្រ្តខេត្តប៉ៃលិន សាលាឃុំអូរអណ្តូង និងសាលាឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ។ រីឯលោកយាយលោកតា មានជំងឺធ្វើដំណើរពីបាក ក្រុមការងារបានយកថវិកាទៅជូនដល់គេហដ្ឋានផ្ទាល់តែម្តង ។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានមូលនិធិ ចាស់ជរាក្រីក្រគ្មានទីពឹង បាននាំនូវសេចក្តីអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក្នុង ការផ្សព្វ ផ្សាយអប់រំប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ ការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធាន (៣ការពារ ៣កុំ) និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។
ដូច្នេះ យើងរាល់គ្នា ត្រូវប្រុងប្រយ័ត្នខ្ពស់ ពីសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ត្រូវរស់នៅត្រូវស្អាត មានអនាម័យ លាងដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ស្នាក់នៅក្នុងផ្ទះបើគ្មានការចាំបាច់ចេញក្រៅ មិនត្រូវប្រមូលផ្តុំគ្នា ត្រូវពាក់ម៉ាសឱ្យបានត្រឹមត្រូវពេលចេញទៅក្រៅ និងរក្សាគំលាតសុវត្ថិភាព ។
ចំពោះប្រជាពលរដ្ឋចំណូលស្រុក សូមស្នាក់នៅដាច់ដោយឡែកពីសាច់ញាតិក្រុមគ្រួសារ មិត្តភក្តិរយ:ពេល១៤ថ្ងៃ បើមានករណីថាសង្ស័យ ដូចជាផ្តាសាយ ហៀរសំបោរ មានកំដៅលើសពី ៣៧.៥ អង្សាសេ ក្អកស្ងួត ឈឺបំពង់ក. ពិបាកដកដង្ហើម សូមប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកខេត្ត នៅជិតផ្ទះបំផុត ឬទំនាក់ំនងទៅកាន់លេខ១១៥ ឬរាយការណ៍ជូនអាជ្ញាធរភូមិឃុំសង្កាត់ នៅកៀកជាប់ផ្ទាល់ ដើម្បីងាយបញ្ជូនទៅកាន់មន្ទីរពេទ្យធ្វើការពិព្យា បាលជំងឺជូនផងដែរ ។
សូមបញ្ជាក់ផងដែរថា ៖មូលនិធិគាំទ្រសុខភាព និង សង្គ្រោះបន្ទាន់ខេត្តប៉ៃលិន បានរៀបចំឡើង តាំងពីឆ្នាំ២០១១ និងបានដំណើរការមកដល់បច្ចុប្បន្ន ទទួលបានការឧបត្ថម្ភគាំទ្រថវិកាទាំងស្រុងពីឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដោយបើកប្រាក់ឧបត្ថម្ភជាប្រចាំខែ ជូនលោកយាយ លោកតា ចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិន មិនប្រកាន់និន្នាការនយោបាយ ឬសាសនាអ្វីឡើយ ។
ចំណែកលោកតា លោក យាយចាស់ជរា បានលើកដៃសំពះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងក្រុមការងារ ក៏សូមជូនពរឱ្យសម្តេចតេជោ និងសម្តេច កិត្តិព្រទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំខេត្ត ទទួលបាននូវសុខភាពល្អ កម្លាំងពលំមាំមួន ទទួលបានជោគជ័យគ្រប់ភារកិច្ច ជាពិសេសសូមឱ្យឈ្នះនូវឧបទ្រុពចង្រៃ និងជំងឺកូវីដ១៩ផងដែរ ៕