អាជ្ញាធរក្រុងប៉ោយប៉ែត បន្តបិតខ្ទប់ នៅបរិវេណក្នុងផ្សារត្រី ស្ថិតនៅក្នុងសង្កាត់ប៉ោយប៉ែត បន្ទាប់ពីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣នាក់បន្ថែមទៀត
ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣នាក់បន្ថែមទៀតនៅចំណុចក្នុងផ្សារត្រី ស្ថិតនៅក្នុងសង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុង បានដឹកនាំកងកម្លាំងចុះទៅបិតខ្ទប់ទីតាំងខាងលើបន្ថែមទៀត ដោយបានដាក់កម្លាំងការពារយ៉ាងតឹងរឹងបំផុត នៅតាមគ្រប់ច្រកល្ហកទាំងអស់នៅក្នុងបរិវេណផ្សារត្រី ព្រមទាំងមានការបាញ់អាកុលជាញឹកញាប់ផងដែរទាំងកងកម្លាំង និងប្រជាពលរដ្ឋនៅក្បែនោះ ដើម្បីការពារ និងទប់ស្កាត់កុំឲ្យមានការ ឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ទៅកាន់តំបន់ផ្សេងទៀត។
ភ្លាមនោះរដ្ឋបាលក្រុងបានបើករថយន្តដាក់ឧបករណ៍បំពងសម្លេង(មេក្រូ) ធ្វើការណែនាំឲ្យប្រជាពលរដ្ឋ និងអាជីវករ ត្រូវរក្សាទីតាំងដើមដដែលតាំងចិត្តឲ្យស្ងប់ ស្តាប់តាមការណែនាំរបស់អាអ្ញាធរ បើសិនជាបងប្អូនប្រជាពលរដ្ឋធ្វើអ្វីតាមតែចិត្តនោះ នោះពិតជាប្រឈមនឹងគ្រោះថ្នាក់បំផុត ដូច្នេះយើងត្រូវរួមគ្នាទប់ស្កាត់ និងការពារឲ្យបានក្នុងកាលៈទេសៈនេះ។
ជាមួយគ្នានោះដែរលោក គាត ហ៊ុល អភិបាលក្រុងបានឲ្យដឹងថា ការបិតខ្ទប់ទីតាំងខាងលើនេះបានធ្វើឡើងបន្ទាប់ពីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣នាក់ ហើយការបិតខ្ទប់នោះទៀតសោធ បិតតែចំណុចដែលកើតមានតែប៉ុណ្ណោះ។
ដោយឡែកនៅថ្ងៃដដែលនេះដែរ រដ្ឋបាលក្រុងបានចេញសេចក្តីជូនដឹងស្វែងរកអ្នកធ្លាប់ប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣នាក់ រួមមាន ឈ្មោះ ឈៀន ធាន ភេទប្រុស អាយុ៤២ឆ្នាំ និងឈ្មោះ អ៊ូច ផល្លា ភេទស្រី អាយុ៣៩ឆ្នាំ អ្នកទាំងពីមានមុខរបរលក់ដូរនៅផ្សារត្រី មានទីលំនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងឈ្មោះ លន ដែន ភេទប្រុស អាយុ៣៦ឆ្នាំ មានមុខរបរជាងកាត់សក់នៅជាប់ ទីតាំងប្តូរប្រាក់ កៅ ប៊ុនឡាយ" មានទីលំនៅភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ដោយអ្នកទាំងបីមានអាការៈមិនស្រួលខ្លួនបានទៅយកសំណាកធ្វើតេស្ត ជាលទ្ធផលនៅថ្ងៃទី៣ ខែឧសភា មានវិជ្ជាមានជំងឺ កូវីដ-១៩ បច្ចុប្បន្នកំពុងព្យាបាលនៅទីតាំងសម្រាកព្យាបាលជំងឺកូវីដ-១៩ ក្នុងក្រុងប៉ោយប៉ែត ដែលអាជ្ញាធរបានរៀបចំ។
ទន្ទឹមនឹងដែររដ្ឋបាលក្រុងប៉ោយប៉ែត បានអំពាវនាវដល់អ្នកដែលធ្លាប់បានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ខាងលើ ត្រូវនៅដាច់ដោយឡែកពីអ្នកដទៃ និងបើមានអាការៈមិនស្រួល សូមប្រញាប់រួសរាន់ទៅយកសំណាកធ្វើតេស្ដរកជំងឺកូវី៨-១៩ នៅស្ថានីយ៍រថភ្លើងប៉ោយប៉ែត ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០៨៥ ៩៩៩៩ ១៧, ០៩៥ ៥០០០០៣, ០៨៩ ៥៥ ០០ ១៦, និង០១៧ ៥១ ៥១ ៣១ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕