ប្រជាពលរដ្ឋចំនួន៥១៩គ្រួសារ ដែលកំពុងឋិតក្នុងតំបន់បិទខ្ទប់ ក្នុងភូមិសាស្ត្រសង្កាត់/ក្រុងប៉ោយប៉ែត ទទួលអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយះអភិបាលខេត្ត ក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ដំណាងឲ្យឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារបន្តចុះសួរសុខទុក និងនាំយកអំណោយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនប្រជាពលរដ្ឋចំនួន៥ភូមិក្នុងថ្ងៃតែមួយសរុបចំនួន៥១៩គ្រួសារ ដែលកំពុងឋិតនៅក្នុងតំបន់បិទខ្ទប់ ក្នុងភូមិសាស្ត្រសង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងកាលៈទេសៈដ៏លំបាក ដោយសារការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩។
អំណោយដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋទាំង៥១៩គ្រួរសារនោះ ក្នុងមួយគ្រួសារទទួលបាន អង្ករ ១ការរ៉ុង ស្មើ២៥គីឡូក្រាម ,មី ១កេស ,ត្រីខ ១យួរ និងទឹកស៊ីអ៊ីវ ១យួរផងដែរ។
ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុកពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំងឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ដែលជានិច្ចជាការសម្តេច និងឯកឧត្តមតែងតែគិតគូរពីសុខទុករបស់ប្រជាពលរដ្ឋ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់អាហារហូបនោះឡើយ។
ឯកឧត្តមបន្តថា ទោះជាស្បៀងពេលនេះតិចតួចមិនគ្រប់តាមតម្រូវការរបស់ប្រជាពលរដ្ឋយ៉ាងណាក្តី ក៏ប៉ុន្តែជាស្បឿងសម្រាប់ដោះស្រាយបន្ទាន់ តែទោះជាយ៉ាងណាក្តីឯកឧត្តមនិងលោកអភិបាលក្រុង នឹងខិតខំរិះរកជួយបន្តទៀតមិនទុកប្រជាពលរដ្ឋចោលនោះឡើយ បើសិនជាពលរដ្ឋណាដែលគ្រួសារមានគ្នាច្រើនខ្វះហូបមិនគ្រប់ឬក៏នៅសល់បន្តិចបន្តួចកុំឲ្យអស់ទាន់ ត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់។
ជាមួយគ្នានោះដែរឯកឧត្តមបានសម្តែងការកោតសសើរ ដល់ប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមចំណែងជាមួយអាជ្ញាធរខេត្ត ក្រុង ក្នុងការទប់ស្កាត់កុំឲ្យមានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ទៅកាន់តំបន់ផ្សេង ពោលគឺក្នុងកាលៈទេសៈនៃការបិតខ្ទប់នេះតែម្តង ដោយសង្គេតឃើញថា ប្រជាពលរដ្ឋមិនផ្តល់ផលលំបាកណាមួយដល់អាជ្ញាធរក្នុងការគ្រប់គ្រងឡើយ។ទន្ទឹមនោះដែរឯកឧត្តមនូវតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺ«៣កុំ ៣ការពារ និង២ចូលរួម»ផងដែរ៕