អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន ដឹកនាំក្រុមការងារយុវជន ស.ស.យ.ក ខេត្ត ចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនពលរដ្ឋខ្វះខាត នៅស្រុកសាលាក្រៅ
ខេត្តប៉ៃលិន៖នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ មណ្ឌលប៉ៃលិន អមដំណើរដោយឯកឧត្តមទី សុខា មេបញ្ជាការប្រចាំទិសប៉ៃលិនសំឡូត និងលោក សៀ សុខុម អភិបាលរងស្រុកសាក្រៅ និងជាអនុប្រធាន ស.ស.យ.ក ខេត្ត បានដឹកនាំក្រុមការងារ យកអំណោយស្បៀងអាហារ ទៅចែកជូនដលប្រជាពលរដ្ឋខ្វះខាតចំនួន០២គ្រួសារ។
ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានពាំនាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ដែលជានិច្ចកាល លោកទាំងពីរ តែងតែគិតគូរខ្វល់ខ្វាយពីសុខទុក្ខប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ឯកឧត្តមបានលើកឡើងថា៖ ក្រោមការចង្អុលបង្ហាញពីឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តប៉ៃលិន បានណែនាំឱ្យក្រុមការងារទាំង អស់បន្តចុះផ្សព្វផ្សាយជារៀងរាល់ថ្ងៃនូវវិធានការនានា របស់រដ្ឋបាលខេត្ត និងវិធានការ (៣ការពារ ៣កុំ) របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងវិធាននានារបស់ក្រសួងសុខាភិបាល ដោយណែនាំដល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីកាតព្វកិច្ច ពាក់ម៉ាស លាងដៃជាមួយសាប៊ូ ឬជែល ទឹកអាល់កុល រក្សាគម្លាតសង្គមអោយបាន១.៥ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19 នៅក្នុងសហគមន៍ ។លើសពីនេះ ត្រូវឱ្យប្រជាពលរដ្ឋ ដែលគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ហើយក៏ត្រូវយល់ថា មានតែគណបក្សប្រជាជនកម្ពុជា ដែលតែងតែជួយផ្តល់ស្បៀងអាហារដល់ប្រជាពលរដ្ឋ ដែលទទួលរងនូវការខ្វះខាត ។
សូមបញ្ជាក់ថា ៖អំណោយដែលផ្តល់ជូនក្រុមគ្រួសារខ្វះខាតទាំង០២គ្រួសារខាងលើមានឈ្មោះ ដួង ទូច ភេទប្រុស អាយុ៧៦ឆ្នាំ មានជំងឺប្រចាំកាយនិងឈ្មោះ ទូច ម៉ក ភេទស្រី អាយុ៦៤ឆ្នាំ ទាំង២នាក់ រស់នៅភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ក្នុងមួយគ្រួសារទទួលបានអង្ករ មី ទឹកត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកសុទ្ធពងទា ត្រីខ ស្ករស អំបិល ប៊ីចេង ប្រេងឆា និងថវិកាម្នាក់២៥ម៉ឺនរៀលផងដែរ ៕