រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចបិទខ្ទប់ការធ្វើដំណើរចេញ-ចូល ជាបណ្តោះអាសនៃផ្នែកខ្លះក្នុងភូមិអូរនាង សង្កាត់ផ្សារកណ្តាល ដើម្បីការពារ និងទប់ស្កាត់កុំឲ្យមានការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ទៅកាន់តំបន់ផ្សេងទៀត
ខេត្តបន្ទាយមានជ័យ៖ផ្នែកខ្លះក្នុងភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានបិតខ្ទប់ជាបណ្តោះអាសន្ន ដើម្បីការពារ និងទប់ស្កាត់កុំឲ្យមានការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ទៅកាន់តំបន់ផ្សេងទៀត។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ លេខ១៦៨ / ២១ ស.ស.រ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ បញ្ជាក់ថា ការបិទខ្ទប់ការធ្វើដំណើរចេញ-ចូល ជាបណ្តោះអាសន្ននេះគឺរយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។ទីតាំងដែលត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្ននេះរួមមាន៖
- ខាងជើង ទល់នឹងផ្លូវជាតិលេខ៥៨
- ខាងត្បូង ទល់នឹងផ្លូវចូលវត្តអូរនាង
- ខាងកើត ទល់នឹងផ្លូវ ១៥ម៉ែត្រ ខាងកើតវត្តភូមិ
- ខាងលិច ទល់នឹងផ្លូវ២០ម៉ែត្រ ខាងលិកភូមិ។
រដ្ឋបាលខេត្ត បានបញ្ជាក់ទៀតថា ការសម្រេចបិទខ្ទប់នេះក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ នៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅកាន់តំបន់ផ្សេងៗទៀត។
ជាមួយនឹងការបិតខ្ទប់នេះដែរនៅព្រឹកថ្ងៃខែដដែរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត កងកម្លាំងប្រដាប់អាវុធទាំងបីស្ថាប័ន និងអាជ្ញាធរមូលដ្ឋានបាននាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់បិត ខ្ទប់ ខាងលើជាបឋម ចំនួន៤៨គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ និងទឹកស៊ីអ៊ីវ។
សូមបញ្ជាក់ផងដែរថា នៅថ្ងៃខែដដែរនេះ រដ្ឋបាលខេត្តបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញវិជ្ជមានជំងឺកូវី១៩ ចំនួន៤៤នាក់ នៅថ្ងៃទី៣០ ខែឧសភា និងមិនមានករណីជាសះស្បើយអ្នកជំងឺកូវីដ១៩ នៅថ្ងៃទី៣១ ខែឧសភា នៅក្នុងខេត្តបន្ទាយមានជ័យ៕