បុរសម្នាក់ផ្សាយព័ត៌មានមិនពិត រឿងអ្នកកើតជំងឺកូវីដ១៩ តាមកាស៊ីណូធំៗ ក្នុងក្រុងប៉ោយប៉ែត បានធ្វើឲ្យប៉ះពាល់ដល់អាជ្ញាធរនិងកងកម្លាំង ដែលកំពុងបំពេញការងារយ៉ាងមមាញឹក ត្រូវបានឃាត់ខ្លួនមកអបរំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់
ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីទទួលបាននូវព័ត៌មានពាក់ព័ន្ធទៅនឹងបុរសម្នាក់បានធ្វើការខមិនផ្សព្វផ្សាយព័ត៌មានមិនពិត ជាហេតុនាំឲ្យប៉ះពាល់ដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធដែលកំពុងបំពេញការងារយ៉ាងមមាញឹកទាំងយប់ ទាំងថ្ងៃសឹងរកពេលសម្រាកពុំបានគ្រប់គ្រាន់ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ព្រមទាំងយកសំណាកជូនប្រជាពលរដ្ឋផងនោះ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បញ្ជាឲ្យលោកវរសេនីយ៍ឯក គង់ វិនឌី ស្នងការរង ទទួលការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដឹកនាំសហការជាមួយកម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែត ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានយុវជនម្នាក់ ឈ្មោះ ឈុន សុខហេង ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅល្ងាច ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ រួចបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរ។
គួររម្លឹកដែរថា កាលពីថ្ងៃទី២៩ ខែឧសភា ឈ្មោះ ឈុន សុខហេង បានខមិនផ្សាយព័ត៌មានមិនពិតតាមបណ្តាញសង្គមហ្វេសបុកថា «យកតាម កាស៊ីណូអនឡាយច្រើនណាស់ និងកាស៊ីណូធំៗនៅប៉ោយប៉ែត អត់មានអ្នកចុះឆែកសោះ។ ព័ត៌មានប្អូនធ្វើការនៅកាស៊ីណូអនឡាញ ថានាក់កើតដាក់មួយដុំ អ្នកមិនកើតដាក់មួយដុំ ម្យ៉ាងវិញទៀត បុកលុយបិទព័ត៌មាន ហើយមានពួកពេទ្យស៊ីលុយខាងក្រៅ ទៅព្យាបាលទៀត។ ស្រុកខ្ញុំហើយ ថ្ងៃណា ថ្ងៃណាបានពួក អាពុករលួយអស់ណឹង ងាប់អស់»។
ពាក់ពន្ធ័បញ្ហាខាងលើនេះលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ក្រោយពីកម្លាំងជំនាញឃាត់ខ្លួនបានយកមកសួរនាំឈ្មោះ ឈុន សុខហេង បានសំទោសជាសាធារណៈ និងសារភាពពីទោសកំហុសឆ្គងរបស់ខ្លួន និងដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានធ្វើការអប់រំណែនាំឲ្យបញ្ឈប់រាល់សកម្មភាពនេះតទៅទៀត នេះជាលើកទី១ បើមានលើកទី២ទៀតនោះ និងបញ្ជូនទៅតុលាការ ដើម្បីដាក់ទោសទៅតាមច្បាប់ជាក់ជាមិនខាន៕