ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែង ប្រធានសាលាដំបូងខេត្តកំពត
ខេត្តកំពត៖យោងតាមព្រះរាជក្រឹត្យ លេខ នស/រកត/០៥២១/៤០៩ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ បានតែងតាំងលោក លាង សំណាត់ ជាប្រធានសាលាដំបូងខេត្តកំពត ជំនួសលោក ឡុង កេសភីរម្យ ដែលត្រូវផ្ទេរទៅជាប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ។
ពិធីប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែង ប្រធានសាលាដំបូងខេត្តកំពតបានធ្វើឡើង កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត។
ពិធីនេះបានប្រព្រឹត្តធ្វើឡើងនៅសាលាដំបូងខេត្តខេត្តកំពត ដោយមានការអញ្ជើញចូលរួមលោក លោកស្រី ប្រតិភូក្រសួងយុត្តិធម៌ អភិបាលខេត្តកែប និងអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពកងកម្លាំងប្រដាប់អាវុធក្នុងខេត្តកំពតផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារពាក់ព័ន្ធវិស័យយុត្តិធម៌ ដែលថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាដំបូងខេត្តកំពត ដែលតែងតែបានយកចិត្តទុកដាក់ សហការជាមួយអាជ្ញាធរ សមត្ថកិច្ចជំនាញគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត និងបានធ្វើឲ្យការផ្ដល់សេវាយុត្តិធម៌បម្រើជូនប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈ និងប្រសិទ្ធភាពបានល្អប្រសើរ។
មានប្រសាសន៍សំណេះសំណាល ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងអំណរគុណកោតសរសើរដល់ ឯកឧត្តម អភិបាលខេត្តកំពត និងខេត្តកែប ព្រមទាំងអាជ្ញាធរសមត្ថកិច្ចជំនាញ ទាំងអស់ក្នុងខេត្តទាំងពីរ គឺខេត្តកំពត និងខេត្តកែបតែងតែបានសហការជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត ក្នុងការដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋបានល្អ។ ពិសេសក្នុងយុទ្ធនាការដោះស្រាយសំណុំរឿងកកស្ទះ ដែលដាក់ចេញដោយក្រសួងយុត្តិធម៌ ត្រូវបានដោះស្រាយបញ្ចប់សម្រេចលទ្ធផលជោគជ័យ។
តែទោះបីយ៉ាងណាឯកឧត្តមរដ្ឋមន្ត្រី ក៏បានក្រើនរំលឹកជាថ្មី ដល់ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់នៃសាលាដំបូងខេត្តទាំងពីរកំពត កែប ជាពិសេស លោក លាង សំណាត់ ដែលទើបតែងតាំងជាប្រធានសាលាដំបូងខេត្តកំពតថ្មី ត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងអាជ្ញាធរមានសមត្ថកិច្ចឲ្យបានល្អ ហើយត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ និងគោរពឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាឱ្យការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋធ្វើឡើងបាន «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ» និងដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អង្គចៅក្រមបន្ថែមទៀត៕