រថយន្តដឹកកម្មករ រោងចក្របើកសុខៗស្រាប់តែដាច់កង់ក្រោយ ខ្ទាតទៅបុកម៉ូតូ បណ្តាលឱ្យដួលបោកក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ៖បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ក្រោយពីជិះម៉ូតូចេញពីបន្ទប់ជួល ទៅកន្លែងធ្វើការ ដោយម៉ូតូម៉ាកហុងដា វ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រៃវែង 1I-5087 ក្នុងទិសដៅពីខាងជើង ទៅខាងត្បូងលុះមកដល់ចំណុចកើតហេតុ មានរថយន្តផលិតនៅកូរ៉េ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-03 46 ធ្វើដំណើរបញ្ច្រាសទិសគ្នា បានដាច់កង់ខាងក្រោយចំហៀងខាងឆ្វេង បណ្ដាលឱ្យរមៀលខ្ទាត ទៅបុកម៉ូតូជនរងគ្រោះ ដែលកំពុងតែជិះ បណ្ដាលឱ្យដួលបោកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្ដង ភ្លាមនោះម្ចាស់រថយន្ត បានចុះពីលើរថយន្តរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្ត នៅកន្លែងកើតហេតុ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦ និង ៣០នាទី ព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយ ផ្លូវជាតិលេខ៣ មុខសាលាពងទឹក ក្នុងសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ បូ ចាន់នី អាយុ២៩ឆ្នាំ មានមុខរបរ ជាកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល នៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ បានចុះដល់ទីតាំងនិងទាក់ទងទៅសាច់ញាតិ របស់ជនរងគ្រោះ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត និងម៉ូតូ ត្រូវបានកម្លាំងជំនាញ ចរាចរណ៍ យកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយគ្នា នៅពេលក្រោយ៕