បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីហិង្សាបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារ
ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យជាមនុស្សញៀនថ្នាំ និងធ្លាប់ជាប់ពន្ធនាគារចំនួនពីដងរួចមកហើយនោះ មិនរាងចាលបន្តបង្កហឹង្សាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារ កាលពីវេលាម៉ោង០៩និង០០នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចាប់ឃាត់ខ្លួន ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ មូល ខៀវ ភេទស្រី អាយុ៦៨ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ/សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ សុវណ្ណ ថា ភេទប្រុស អាយុ២៩ឆ្នាំ។ក្រោយពីឃាត់ខ្លួនមកសាកសួររួចជនសង្ស័យ បានឆ្លើយសារភាពថា រូបខ្លួនធ្លាប់ជាប់ពន្ធនាគារចំនួន០២លើកមកហើយ គឺករណីចែកចាយគ្រឿងញៀន និងករណីលួចរថយន្ត។ក្រោយចេញពីពន្ធនាគាររូបខ្លួនបានប្រើប្រាស់គ្រឿងញៀនជារៀងរាល់ថ្ងៃ ហើយបង្កការអុកឡុកដល់ក្រុមគ្រួសាររហូតពេលរូបខ្លួនខឹងនឹងម្ដាយខ្លួនតែងតែបោកបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះខ្ទេចខ្ទីអស់ ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៨ ខែឧសភា រូបខ្លួនបានខឹងនឹងម្ដាយមិនយកបាយឱ្យខ្លួនហូប ទើបខ្លួនបោកកំទេចឆ្នាំងបាយអស់មួយចំនួន។
លោកវរសេនីយ៍ត្រី បានឱ្យដឹងទៀតថា ដោយផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងផ្អែកលើការស្ដាប់ចម្លើយរបស់ជនសង្ស័យ គឺមានភាពស៊ីសង្វាក់យ៉ាងជាក់លាក់នៃបទល្មើសខាងលើ ទើបកម្លាំងជំនាញព្រហ្មទណ្ឌមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តផងដែរ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕