ផ្ទុះមីនតោនផ្តាច់ជីវិតពលរដ្ឋម្នាក់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ
ខេត្តបាត់ដំបង៖បុរសជាកសិករម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយជួបគ្រោះថ្នាក់ផ្ទះមីនតោន នៅស្រុកសំឡូត ខេត្តបាត់ដំបង។
លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូតបានអោយដឹងថា ករណីផ្ទុះមីនតោនខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិចំការចេក ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង បង្កជាស្នូរផ្ទុះយ៉ាងកក្រើកដីជាហេតុធ្វើអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ចនៅទីនោះផងដែរ។
ក្នុងហេតុការណ៍នេះដែរបណ្តាលអោយបុរសម្នាក់ឈ្មោះ ប៊ន សុគា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅក្នុងមូលដ្ឋានោះស្លាប់ភ្លាមៗ និងឈ្មោះ ហង់ លីហ័រ ភេទប្រុស អាយុ២៦ឆ្នាំ ជាអ្នកជិតខាងរួមដំណើរជាមួយគ្នាទទួលរងរបួសធ្ងន់ ចំណែកគោយន្តត្រូវបានបំផ្លាញខ្ទេចខ្ទីដោយសារកម្លាំងផ្ទុះនៃគ្រាប់ មីនតោននេះ។
ក្រោយទទួលបានព័ត៌មានច្បាស់អំពីរឿងហេតុដ៏រន្ធត់នេះ លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានរាយការណ៍បន្ទាន់ជូនលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានជ្រាប និងបានបញ្ជូនកម្លាំងទៅដល់កន្លែងផ្ទុះមីនតោននេះដែលជាសមរភូមិប្រយុទ្ធគ្នាពីមុនមក ហើយរហូតមកដល់ពេលនេះមិនទាន់មានការបោសសំអាតរំដោះយកយុទ្ធភ័ណ្ឌពីក្នុងដីអស់នៅឡើយទេ ដោយផ្លូវដែលគោយន្តរបស់គាត់បើកបរ ទៅជាន់លើគ្រាប់មីននាពេលនេះគឺជាផ្លូវ(ចាស់) ក្នុងសម័យសង្រ្គាមហើយ ក្រោយមកមិនមានអ្នកណាប្រើប្រាស់លើផ្លូវនេះទេតែជាអកុសលថ្ងៃនេះ ខណៈជនរងគ្រោះបើកបរគោយន្តវាងឡើងលើផ្លូវ(ចាស់) ក៏ជួបគ្រោះថ្នាក់នេះតែម្តង។
លោកអធិការបានបញ្ជាក់ថា ប្រសិនបើមិនមានសមត្ថកិច្ចរបស់លោកទៅដល់និងមានវិធានការភ្លាមៗនៅកន្លែងកើតហេតុនោះទេ គោយន្តមួយគ្រឿងផ្សេងទៀត រួមទាំងអ្នកចូលទៅជួយសង្រ្គោះផង ដែលបម្រុងចូលទៅដឹកយកសពជនរងគ្រោះខាងលើចេញពីទីនោះនឹងជួបគ្រោះថ្នាក់ជាន់គ្រាប់ មីនបន្ថែមទៀតជាក់ជាមិនខាន ព្រោះស្ថិតនៅក្បែរទីកន្លែងផ្ទុះនោះ ត្រូវបានប្រទះឃើញគ្រាប់មីនតោនចំនួន ០១គ្រាប់និងគ្រាប់មីន(ផ្កាចាន់) ចំនួន០១គ្រាប់ទៀតស្ថិតនៅលើគ្នា នៅក្បែរទីកន្លែងផ្ទុះនោះ។
ក្រោយពេលកើតហេតុមន្រ្តីជំនាញនៃអង្គភាពCMAC បាន ចុះទៅពិនិត្យនិងធ្វើការហ៊ំព័ទ្ធចំណុចនោះទុកដើម្បីធ្វើការស្រាវជ្រាវថែមបន្តទៀត៕