មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ នាំយកថវិកា ជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌
ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ រួមជាមួយឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ នាំយកថវិកា រួមមាន អង្គភាពកងពលថ្មើជើងលេខ៥១ ចំនួន៩,៣៩០,០០០រៀល និងអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្តចំនួន ៥,៦៨៥,០០០រៀល ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលមានឯកឧត្តម អ៊ុំ រាត្រី ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និជាអភិបាលខេត្ត ក្នុងគោលបំណងចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ពិសេសគឺក្នុងខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ "ទាំងអស់គ្នារួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ"។
នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានជួបសំណេះសំណាល ទទួលថវិកា និងថ្លែងអគុណដល់អង្គភាពកងពលថ្មើជើងលេខ៥១ និងតំបន់ប្រតិបត្តិការសឹករងខេត្ត ព្រមទាំងកងកម្លាំងទាំងអស់ ដែលបានចូលរួមឧបត្ថម្ភថវិកា ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តនៅពេលនេះ។
ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បន្តថា ថវិកាដែលបានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលា ក្នុងកាលៈទេសៈដែលខេត្ត កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានរីករាលដាលនៅទូទាំងខេត្ត និងជួយដល់ប្រជាពលរដ្ឋរងគ្រោះធម្មជាតិផ្សេងៗ និងប្រជាពលរដ្ឋក្រីក្រជួបការលំបាកនាពេលនេះផងដែរ ៕