ក្មេងស្រីម្នាក់ជិះម៉ូតូជ្រេគេពេញផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលពីអ្នកប្រើប្រាស់បណ្តាញសង្គម ត្រូវបានសមត្ថកិច្ច ហៅមកសាកសួរ និងធ្វើការអប់រំណែនាំ នៅស្រុកមោងឫស្សី
ខេត្តបាត់ដំបង៖ថ្មីៗនេះមានករណីក្មេងស្រីម្នាក់ នៅក្នុងស្រុកមោងឫស្សី បានជិះម៉ូតូជ្រេរគេពេញផ្លូវ និងមិនមានពាក់មួកសុវត្ថិភាព បង្កការភ្ញាក់ផ្អើលនិងសម្តែងការហួសចិត្តចំពោះសកម្មភាពមួយនេះ រហូតដឹងដល់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តដ៏បានដាក់បទបញ្ជាដល់កម្លាំងនគរបាលស្រុកមោងឫស្សីដែលមានលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុក មោងឫស្សី បានចុះធ្វើការស្រាវជ្រាវជាបន្ទាន់។
លុះនារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលស្រុកមោងឫស្សីបានស្វែងរកឃើញក្មេងស្រី អាយុទើបតែ១៥ឆ្នាំ រស់នៅស្រុកមោងឫស្សី ជាអ្នកជិះម៉ូតូជ្រេគេពេញផ្លូវពីថ្ងៃមុននោះ ហៅមកធ្វើការសាកសួរ។ក្រោយពីបានទទួលស្គាល់នូវកំហុសឆ្គង សមត្ថកិច្ចនគរបាលបានធ្វើការអប់រំណែនាំ ឱ្យបញ្ឈប់សកម្មភាពបែបនេះបន្តទៀត និងបានប្រគល់ក្មេងស្រីម្នាក់នេះជូនទៅឲ្យអាណាព្យាបាលយកទៅអប់រំផ្ទះបន្តទៀត។
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមថ្លែងអគុណចំពោះការ ចូលរួមសហការណ៍ផ្តល់ព័ត៌មានពីគ្រប់មជ្ឈដ្ឋាន ដល់សមត្ថកិច្ចនគរបាល ជាមួយនេះសូមអំពាវនាវដល់ប្អូនៗយុវជន យុវតី ទាំងអស់មេត្តាកុំយកគំរូដែលមិនល្អ ដូចក្នុងករណីមួយនេះ ដែលនាំបង្កឱ្យមានការប៉ះពាល់ដល់កិត្តិយសបុគ្គល ក៏ដូចជាក្រុមគ្រួសារ ពិសេសអាចប្រឈមនឹងគ្រោះថ្នាក់ណាមួយដល់ខ្លួនឯង និងអ្នកដទៃផងដែរ៕