មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ដាក់ផែនការយ៉ាងម៉ឺងម៉ាត់ ដើម្បី ទប់ស្កាត់ការលួចឆ្លងព្រំដែនកម្ពុជា-ថៃ និងបិទខ្ទប់តំបន់ក្រហម
ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បន្តដាក់ផែនការយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងជួរមុខ របស់កងពលតូចថ្មើរជើងលេខ៥១ បន្តអនុវត្តន៍រឹតត្បិតតាមបណ្តាចំណុចឈរជើង និងតំបន់ក្រហម ដោយសហការជាមួយកងកម្លាំងចម្រុះ ឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ផងដែរថា កងកម្លាំងជួរកងពល បានចេញបេសកកម្មប្រតិបត្តិការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមបន្ទាត់ព្រំដែន មានរយះពេល១៥៣ថ្ងៃមកហើយគិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ ដោយឈរជើងជាច្រើនចំណុច ប្រតិបត្តិការល្បាត ត្រួតពិនិត្យ២៤ម៉ោងលើ២៤ម៉ោង និងឃាត់ខ្លួនពលករលួចឆ្លងចេញ-ចូលសរុប ១២០៤នាក់ ស្រាវជ្រាវ និងឃាត់ខ្លួនមេខ្យល់សរុបបានចំនួន ១៥នាក់ បញ្ជូនឲ្យសមត្ថកិច្ចជំនាញចាត់ការតាមផ្លូវច្បាប់។ក្រៅពីភារកិច្ចឈរជើងនៅតាមបន្ទាត់ព្រំដែន កម្លាំងមួយផ្នែកទៀតក៏បានអនុវត្តន៍ភារកិច្ច ចូលរូមជាមួយកម្លាំងចម្រុះធ្វើការបិទខ្ទប់ តំបន់មួយចំនួនក្នុងក្រុងប៉ោយប៉ែត ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទៅតំបន់ផ្សេងទៀត។
ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានគូសបញ្ជាក់ថា ស្ថិតនៅក្នុងកាលៈទេសៈដ៏លំបាកនេះ អនុវត្តន៍តាមបទបញ្ជាប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំកងទ័ពគ្រប់លំដាប់ថ្នាក់ នាយ-ពលទាហាន អង្គភាពកងពលតូចថ្មើរជើងលេខ៥១ បានគោរព និងអនុវត្ត រាល់បទបញ្ជា សេចក្តីណែនាំ ដែលបានដាក់ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ជូនជាតិមាតុភូមិ និងប្រជាជន៕