អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ប្រុស ស្រី ចំនួន៣នាក់ ទៅតុលាការខេត្ត
ខេត្តបន្ទាយមានជ័យ៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលក្រុង ដឹកនាំបញ្ជាផ្ទាល់ដោយលោក គាត ហ៊ុល អភិបាលក្រុង បានឃាត់ខ្លួនពលករខ្មែរចំនួន០៤នាក់ នៅចំណុចភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង២២ និង០០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ហើយនាំយកមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំរឿងហេតុ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយពីសួរនាំពលករទាំង០៤នាក់រួច ទើបកំណត់មុខសញ្ញាបាន ហើយបន្តស្រាវជ្រាវរហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៩ និង០០នាទី បានធ្វើការឃាត់ខ្លួនមេខ្យល់បានជាបន្តបន្ទាប់ចំនួន០៣នាក់
១.ឈ្មោះ ជូន ចំណាប់ ភេទប្រុស អាយុ២៨ឆ្នាំ ។
២.ឈ្មោះ ចាន់ ស្រី ភេទស្រី អាយុ៣៧ឆ្នាំ។
៣.ឈ្មោះ វី ចិត្ត្រា ភេទប្រុស អាយុ៣២ឆ្នាំ និងដកហូតវត្ថុតាងរួមមាន ម៉ូតូចំនួន០២គ្រឿង និងទូរស័ព្ទដៃចំនួន០៣គ្រឿងផងដែរ រួចបញ្ជូនមករាជអាវុធហត្ថក្រុងដើម្បីសាកសួរចម្លើយ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានប្រកបមុខរបរជាអ្នកនាំពលករឆ្លងដែនទៅប្រទេសថៃពិតប្រាកដមែន ហើយកន្លងមកពួកខ្លួនបាននាំពលករឆ្លងដែនទៅប្រទេសថៃជាច្រើនលើកមកហើយដែរ។
ក្រោយពីស្ដាប់ចម្លើយពលករទាំង០៤នាក់ និងស្ដាប់ចម្លើយជនសង្ស័យទាំង០៣នាក់រួច គឺមានភាពស៊ីសង្វាក់គ្នានៃបទល្មើស (ការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន) បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ និងវត្ថុតាង ត្រូវបានកម្លាំជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។
លុះនៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យទាំង០៣នាក់ រួមនឹងវត្ថុតាងទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕