ឃាត់ខ្លួនបុរសញៀនថ្នាំម្នាក់ បន្ទាប់ពីវាយពាងទឹកបែក និងដុតផ្ទះកំទេចចោល
ខេត្តបន្ទាយមានជ័យ៖បុរសម្នាក់ធ្លាប់ជាប់ក្នុងពន្ធនាគារបានជាង២ខែ ចេញពីពន្ធនាគារមកវិញ មិនកែប្រែខ្លួនជក់ថ្នាំញៀនមកដល់ផ្ទះខឹងនឹងម្តាយ វាយពាងទឹកបំបែកអស់ហើយ មិនអស់កំហឹង ដុតផ្ទះកំទេចចោលទៀត ត្រូវកម្លាំងនគរបាលចាប់ឃាត់ខ្លួន។
ករណីដែលបង្កការភ្ញាក់ផ្អើលនេះបានកើតកាលពីវេលាម៉ោង១១ និង៥០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ស្ថិតតំបន់ម៉ក់ហ៊ឺន ក្នុងភូមិសាស្ត្រភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
បើតាមការអះអាងរបស់ម្តាយជននេះបញ្ជាក់ថា កន្លងមកជនបង្ករូបនេះធ្លាប់ជាប់ពន្ធនាគារពីបទប្រើអំពើហឹង្សា នៅក្នុងក្រុមគ្រួសារ ហើយជននេះទើបតែចេញពីពន្ធនាគារបានជាង២ខែ មិនកែខ្លួន នៅតែបំភ្លេចបំផ្លាញទ្រព្យសម្បត្តិគ្រួសារ និងអំពើហិង្សាដដែល។
បើតាមលោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ជនបង្កនេះ មានឈ្មោះ ទី ចាន់រួន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
នគរបាលស្រុកម៉ាឡៃបានបន្តថា ពេលកំពុងកើតហេតុនោះជនបង្កប្រហែលមកពីជក់ថ្នាំញៀន ទើបបានខឹងនឹងម្តាយរបស់ខ្លួន ឈ្មោះ ធ ធួត ភេទស្រី អាយុ៦០ឆ្នាំ មិននៅផ្ទះ បានធ្វើសកម្មភាពយកកាំបិតខ្វែវវាយបំផ្លាញពាងទឹកបែកអស់ចំនួន១១ពាង រួចដុតបំផ្លាញផ្ទះទំហំ៥ម៉ែត្រគុណ៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសីឆេះខ្ទេច សម្ភារៈនៅក្នុងផ្ទះរួមមានសូឡាចំនួន១ផ្ទាំង ទូរទស្សន៍ចំនួន១គ្រឿង អាគុយ៤០ អំពែចំនួន០១គ្រឿង ម៉ូតូចំនួន២គ្រឿងស្រូវចំនួន២បាវអង្ករចំនួន១ ការុង ទូរស័ព្ទចំនួន១គ្រឿង លុយចំនួន២.០០០បាត រួមទាំងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនផ្សេងទៀត ត្រូវឆេះអស់គ្មានសល់។
លោកអធិការបានបញ្ជាក់ទៀតថា ជនបង្កជាមនុស្សជក់ថ្នាំញៀនខ្លាំងលែងដឹងខុសត្រូវ ក្រោយពីកើតហេតុហើយកម្លាំងជំនាញកំពុង រៀបចំសំណុំរឿង បញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់បន្តតាមនិតិវិធីច្បាប់៕