ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ បង្កឡើយដោយរថយន្ត LUXEX 300បើកទៅបុកម៉ូតូក្មេងប្រុសជំទង់ម្នាក់ ខណៈខ្ចីម៉ូតូអុំជិះទៅលេងឪពុកម្តាយធ្វើស្រែ នៅឃុំកូប ស្រុកអូរជ្រៅ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអធម៌
ខេត្តបន្ទាយមានជ័យ៖ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងដោយរថយន្ត ម៉ាកLUXEX 300 បានបើកទៅបុកម៉ូតូក្មេងប្រុសម្នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ ក្រោយពេលក្មេងប្រុសរងគ្រោះបានខ្ចីម៉ូតូរបស់អុំទៅលេងឪពុកម្តាយធ្វើស្រែ នៅឃុំកូប ស្រុកអូរជ្រៅ។
ហេតុការណ៍នេះ បានកើតនៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវបំបែកជា៣ ផ្លូវវាងក្រុង ស្ថិតនៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក គឺ មករា នាយការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះសុខ សត្យា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិបត់ត្រង់ធំខាងកើត ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក បញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះបានខ្ចីម៉ូតូរបស់អុំប្រុសធ្វើយោធាក្នុងកងពលតូចថ្មើងលេខ៥៣ ម៉ាកហុងដាវ៉េវសេ 110ពាក់ផ្លាកលេខខេមរភូមិន្ទ07 1-2721ដើម្បីជិៈទៅលេងឪពុក ម្តាយ ដែលកំពុងធ្វើស្រែនៅឃុំកូប ស្រុកអូរជ្រៅ ដោយធ្វើដំណើរពីជើងទៅត្បូង ពេលឡើងផ្លូវជាតិប្តូរគន្លងបត់ ទៅទិសខាងកើត ស្របពេលនោះមានរថយន្ត១គ្រឿងម៉ាកLUXEX300 ភ្នំពេញ.2L-4767 បើកផ្លូវត្រង់ក្នុងទិសដៅពីកើតទៅលិចបានបុកចំពីមុខម៉ូតូ បណ្តាលឲ្យជនរងគ្រោះខ្ទាតពីម៉ូតូស្លាប់ភ្លាម។
លោកបញ្ជាក់ទៀតថា ក្រោយពីកើតហេតុកម្លាំងនគរបាលចរាចរណ៍ខេត្ត បានចុះទៅពិនិត្យនៅកន្លែងកើតហេតុ ចំពោះមូលហេតុបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីអ្នកបើករថយន្តបើកមានល្បឿនលឿន រីឯអ្នកបើកម៉ូតូមិនគោរពសិទ្ធិអាទិភាពមានពាក់មួកការពារសុវត្ថិភាព ។
សពជនរងគ្រោះ ក្រោយពីកើតហេតុបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែករថយន្តនិងម៉ូតូ ត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ រងចាំធ្វើការដោះស្រាយនៅ ពេលក្រោយ៕