រដ្ឋបាលខេត្តកណ្តាល ទទួលអំណោយមនុស្សធម៌ ពីលោកអភិបាលរងខេត្តកណ្ដាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តកណ្ដាល
ខេត្តកណ្តាល៖នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញទទួលអំណោយមនុស្សធម៌ ពីលោក នៃ ចារី អភិបាលរងខេត្តកណ្ដាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។
ក្នុងឱកាសទទួលអំណោយនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងអរគុណ ដល់ក្រុមគ្រួសាររបស់លោក នៃ ចារី អភិបាលរងខេត្តកណ្ដាល ក៏ដូចជាឯកឧត្ដមផ្ទាល់ ដែលបានចូលរួមបរិច្ចាគនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន ជូនដល់រដ្ឋបាលខេត្តកណ្តាល សម្រាប់គាំទ្រក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលអំណោយទាំងនេះគឺពិតជាមានសារៈសំខាន់បំផុត ចំពោះបងប្អូនប្រជាពលរដ្ឋដែលជួបបញ្ហាខ្វះខាត និងកំពុងតែធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កទូទាំងខេត្ត។
ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានជូនពរដល់ លោកអភិបាលរងខេត្ត និងក្រុមគ្រួសារ សូមទទួលបាននូវ សេចក្តីសុខគ្រប់ប្រការ មានសុខភាពល្អ និងសូមឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ ហើយឯកឧត្តមអភិបាលខេត្តកណ្ដាលក៏បានសន្យាថា និងនាំយកអំណោយទាំងអស់នេះ ទៅចាត់ចែងប្រើប្រាស់ ក្នុងសកម្មភាពនានា ឲ្យស្របទៅតាមបរិបទនៃជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងកណ្តាល។
អំណោយដែល លោកអភិបាលរងខេត្ត និងក្រុមគ្រួសារ បានផ្តល់ជូនរដ្ឋបាលខេត្តរួមមាន៖ ម៉ាស់ ចំនួន ២៥០០ម៉ាស់ ម៉ាកខ្លូវ (Cloud Brand) និងដបដាក់អាកុល ចំនួន៤៣ដប៕