ឃាត់ខ្លួនមេខ្យល់០២នាក់ ដែលបម្រុងនាំពលករខ្មែរចំនួន៨នាក់ ឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ
ខេត្តបន្ទាយមានជ័យ៖មេខ្យល់ចំនួន០២នាក់ ដែលកំពុងធ្វើសកម្មភាពលួចនាំពលករខ្មែរប្រុស ស្រីចំនួន៨នាក់ឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ ដែលបំពានទៅនឹងបំរាមរបស់ប្រមុខរាជរដ្ឋាភិបាល និងការខិតខំក្នុងការបិតខ្ទប់របស់កងកម្លាំងទាំងបីស្ថាប័នដែលកំពុងតែឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃនោះ ត្រូវបានកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ឃាត់ខ្លួនបាននៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នៅត្រង់ចំនុចភូមិសាស្ត្រ ផ្លូវចូលក្រុមហ៊ុនឧកញ៉ា សំផាន់ណារិទ្ធ ខេត្តបន្ទាយមានជ័យ។
ការចុះបង្ក្រាប និងចាប់ឃាត់ខ្លួនមេខ្យល់ទាំង២នាក់ និងពលករខ្មែរចំនួន៨នាក់ក្នុងនោះមានស្រី០១នាក់ផងនោះដោយក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំងលោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៤ ដឹកនាំកម្លាំងល្បាតជាប់ជាប្រចាំ ដោយអនុវត្តតាមបទបញ្ជា មេបញ្ជាការ លោកបានដឹកនាំកម្លាំងល្បាត២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍។
ជាក់ស្តែង ថៃ្ងទី២៤ ខែឧសភា ឆ្នាំ២០២១ ខណៈលោក វរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ កំពុងដឹកនាំកម្លាំងដើរល្បាតក៏ជួបមេខ្យល់ចំនួន ០២នាក់ បម្រុងនាំពលករឆ្លងដែនចេញទៅប្រទេសថៃ ត្រូវបានកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ ឃាត់ខ្លួនបានតែម្តង ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា មេខ្យល់ដែលត្រូវឃាត់ខ្លួនបាននោះមានឈ្មោះ លឹម ហួត ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងឈ្មោះ ជូត សុខជ័យ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។ក្រោយពីឃាត់ខ្លួនមេខ្យល់ទាំង០២នាក់ កំពុងត្រូវបានឃុំខ្លួន សួរចម្លើយនៅរដ្ឋបាលបុស្តិ៍ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធីច្បាប់។ចំណែកឯពលករទាំង៨នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័ក ខេត្តបន្ទាយមានជ័យ ៕