សឹករងបន្ទាយមានជ័យ ឃាត់ខ្លួនជនជាតិខ្មែរប្រុស-ស្រី០៣នាក់ និងជនបរទេស០១នាក់ ខណៈដែលបម្រុងឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ
ខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋខ្មែរចំនួន៣នាក់ និងជនជាតិចិន០១នាក់ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ទៅកាន់ប្រទេសថៃ តាមការញុះញុងរបស់មេខ្យល់ ត្រូវបានកម្លាំងតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក មាស ប៊ុនរុន មេបញ្ជាការរង នាយសេនាធិការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង០៤និង១០នាទី ទៀបភ្លឺចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នៅចំណុចចំការដំឡូងខាងក្រោយប៉ុស្តិ៍ដើមកកោះព្រៃគប់ ស្ថិតនៅក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក មាស ប៊ុនរុន បានឲ្យដឹងថា ពលរដ្ឋខ្មែរប្រុស-ស្រី ចំនួន០៣នាក់និងជនជាតិចិនម្នាក់ ដែលត្រូវឃាត់ខ្លួនរួមមាន៖
១ / ឈ្មោះ លី ពីងស៊ីង ភេទប្រុស អាយុ២៦ ជនជាតិចិន មកពីខេត្តកំពង់សោម បម្រុងឆ្លងដែនទៅថៃនិងបន្តទៅភូមា
២ / ឈ្មោះ សឿន ផាន់នី ភេទប្រុស អាយុ២៤ (ខ្មែរ) មកពីខេត្តកំពង់ធំ។
៣ /ឈ្មោះ តឹក វុទ្ធី ភេទប្រុស អាយុ១៦ឆ្នាំ (ខ្មែរ) មកពីខេត្តកំពង់ធំ។
៤ / ឈ្មោះ រ៉ា ពិសី ភេទស្រី អាយុ២០ (ខ្មែរ) រស់នៅភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត ។
ក្រោយពីឃាត់ខ្លួនយកទៅសួរនាំ អ្នកទាំង៤បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបម្រុងឆ្លងដែនទៅធ្វើការនិងលក់ដូរនៅផ្សាររោងគ្លឿ ប្រទេសថៃពិតប្រាកដមែន ដោយមានមេខ្យល់ជាអ្នកយកចូលដោយយកកម្រៃក្នុង០១នាក់ចំនួន៤០០០ (បួនពាន់បាត) ប្រាក់ថៃ ស្មើជាង១០០ដុល្លា សំរាប់ពលរដ្ឋខ្មែរ រីឯជនជាតិចិន០១នាក់ ៥០០០ (ប្រាំពាន់បាត) ស្មើ១៥០ដុល្លា នៅពេលនាំពួកគាត់មកដល់កន្លែងចំការដំឡូង ស្ថិតនៅក្នុងភូមិ សង្កាត់ខាងលើក៏ស្រាប់តែក្រុមមេខ្យល់ គេចខ្លួនបាត់ស្រមោលតែម្តង។
តែទោះជាយ៉ាងនេះក្តីកម្លាំងអន្តរាគមន៍តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ នឹងបន្តចុះធ្វើការស្រាវជ្រាវស្វែករកមេខ្យល់ដែលហានបំពាននឹងបំរាមរបស់ប្រមុខរាជរដ្ឋាភិបាល និងការខិតខំក្នុងការបិតខ្ទប់របស់កងកម្លាំងទាំងបីស្ថាប័នដែលកំពុងតែឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃនោះ យកមកផ្តន្ទាទោសតាមច្បាប់។
បច្ចុប្បន្នពលករខ្មែរចំនួន៣នាក់ និងជនជាតិចិន១នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលសំចតវិទ្យាល័យនិមិត្ត ស្ថិតនៅក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត៕