ថ្នាក់ដឹកនាំ កងកម្លាំងទាំងបីស្ថាប័ន ខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យទីតាំងបិទខ្ទប់ផ្សារត្រី ក្រុងប៉ោយប៉ែតជាលើកទី២
ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក គាត ហុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត រួមជាមួយអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះត្រួតពិនិត្យរៀបចំគោលដៅទីតាំងបិទខ្ទប់ជុំវិញផ្សារត្រី ស្ថិតនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយមានសេចក្តីសម្រេចបិទខ្ទប់របស់រដ្ឋបាលខេត្ត និងបន្ទាប់ពីក្រុមការងារបានរកឃើញអ្នកវិជ្ជមាន ឆ្លងមេរោគកូវីដ-១៩ មានចំនួនច្រើនគួរឱ្យកត់សម្គាល់។
ការបិទខ្ទប់ការចេញចូលក្នុងផ្សារត្រីទាំងមូល នឹងត្រូវអនុវត្តគិតចាប់ពីម៉ោងសូន្យឆ្លងចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នេះតទៅរហូតដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងស្ថានការណ៍ និងទប់ស្កាត់ កាត់ផ្តាច់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទៅកាន់តំបន់ផ្សេងទៀត។
លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា កងកម្លាំងទិសទី១ យោធភូមិភាគទី៥ និងប្រើប្រាស់កងម្លាំងអន្តរាគមន៍របស់កងពលតូចថ្មើរជើងលេខ៥១ សហការជាមួយកម្លាំងចម្រុះ ធានាបិទខ្ទប់នៅទីតាំងដែលបានកំណត់ ឆ្លើយតបតាមសំណូមពររបស់គណៈបញ្ជាការឯកភាពខេត្ត។
ស្ថិតនៅក្នុងកសលៈទេសៈដ៏លំបាកនេះ យោធភូមិភាគទី៥ បានត្រៀមខ្លួនជាស្រេច កងកម្លាំង ក្រុមគ្រូពេទ្យជួយយកសំណាក និងព្យាបាល រួមគ្នាតស៊ូប្រយុទ្ធប្រឆាំងនិងជំងឺដ៏កាចសាហាវនេះ ធានាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងជាតិមាតុភូមិ។
ក្នុងឱកាសនោះដែរលោកមេបញ្ជាការរង នាយសេនាធិការ បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមទាំអស់គ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាលគឺ «៣ការពារ និង៣កុំ» ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើង៕