សមត្ថកិច្ចធ្វើការបង្ក្រាបបាន បុរសពីរនាក់រក្សាទុកគ្រឿងញៀនខុសច្បាប់ នៅក្រុងបាត់ដំបង
ខេត្តបាត់ដំបង៖ដោយអនុវត្តតាមការណែនាំរបស់ លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរង ផែនការងារ ប្រឆាំងបទល្មើសគ្រឿងញៀន ព្រមទាំងមានការសម្របសម្រួលននីតិវិធីពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដោយមានការដឹកនាំ និងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង ដែលទើបតែផ្ទេរភារកិច្ចមកកាន់ជាអធិការក្រុងបាត់ដំបងនោះ កាលពីវេលាម៉ោង២២:០៥នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នៅចំនុចភូមិ ព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងបាត់ដំបង សហការជាមួយកម្លាំងនគរបាលអន្តរាគមន៍បង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការ បង្រ្កាបបានករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀនចំនួន០១ករណី ក្នុងបទល្មើសជាក់ស្តែង ដោយឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
ទី១ ឈ្មោះ មាស មាឡៃ (ហៅថា) ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅ ភូមិដាក់សសរ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ទី២ ឈ្មោះ ម៉ៅ វុធ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិពោធិ៍ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។
វត្ថុតាងដែលសមត្ថកិច្ចចាប់យកបាននោះ មាន
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន ០១ថង់ធំ សង្ស័យមានសារធាតុញៀនទម្ងន់ ១០២.១៩ ក្រាម (ទាំងសំបក)
-ថ្នាំគ្រាប់ពណ៌ទឹកក្រូចរាងមូលសំប៉ែត មានត្រាអក្សរ WY ចំនួន២០៣គ្រាប់ សង្ស័យមានសារធាតុញៀន និងពណ៌បៃតង ចំនួន ០២គ្រាប់ សង្ស័យមានសារធាតុញៀន ទម្ងន់២១.២៣ក្រាម ទាំងសំបក
-ទូរសព្ទដៃ ចំនួន ០២គ្រឿង និងដែកកេះចំនួន០៣
-ម៉ូតូ ០១គ្រឿង ម៉ាកហុងដាទ្រីម សេ១២៥ សេរ៊ី ឆ្នាំ២០២១ លេខតួ លេខម៉ាស៊ីន ND 125ME-5921629 គ្មានស្លាកលេខ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជនាញកំពុងរៀបចំសំណុំរឿងញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់បន្ត៕