ពលករខ្មែរលួចឆ្លងដែន ទៅរកការងារធ្វើនៅប្រទេសថៃខុសច្បាប់ ១២នាក់ ត្រូវបានកម្លាំងទាហានថៃចាប់ប្រគល់ឲ្យសមត្ថកិច្ចខ្មែរវិញ
ខេត្តបន្ទាយមានជ័យ៖កម្លាំងទាហានថៃ ចាប់ឃាត់ពលករខ្មែរចំនួន១២នាក់ ដែលលួចឆ្លងដែនទៅប្រទេសថៃខុសច្បាប់ ក្នុងគោលបំណងស្វែងរកការងារធ្វើ ប្រគល់ឲ្យសមត្ថកិច្ចខ្មែរ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ដើម្បីយកទៅចត្តាឡីស័កនៅស្រុកថ្មពួក១៤ថ្ងៃ ទើបអនុញ្ញាត្តិឲ្យវិលត្រឡប់ទៅផ្ទះវិញ។
គួរបញ្ជាក់ដែរថា នៅវេលាម៉ោងជិត៣រសៀលនោះកម្លាំងទាហានបូផារបស់ថៃ បានធ្វើការឃាត់ខ្លួនពលករខ្មែរលួចឆ្លងដែនខុសច្បាប់ចំនួន១២នាក់ នៅព្រំដែនស្រុកតាព្រះយ៉ា ខេត្តស្រះកែវពេលពួកគេកំពុងលួចឆ្លងដែនទៅធ្វើការនៅក្នុងខេត្តនគររាជសីម៉ា។
កម្លាំងទាហានបូផារបស់ថៃបាននិយាយថា ការឃាត់ខ្លួនពលករខ្មែរនេះ អនុវត្តតាមបទបញ្ជាពីមេបញ្ជារការកងកម្លាំងបូផាថៃឲ្យទប់ស្កាត់ពលករខ្មែរ ដែលលួចឆ្លងដែនចូលប្រទេសដោយខុសច្បាប់ រួមទាំងការពារការរាតត្បាតជំងឺកូវីដ-១៩ផងដែរ។ កងកម្លាំងសមត្ថកិច្ច តាព្រះយ៉ា បានចាត់កម្លាំងល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នឹងឃ្លាំមើលនៅបរិវេណភូមិ ទព័សៀម ឃុំតា ព្រះយ៉ា ស្រុកតា ព្រះយ៉ា ខេត្តស្រះកែវ ហើយបានឃើញពលករខ្មែរមួយក្រុមកំពុងធ្វើដំណើរតាមច្រករបៀង ពីខាងប្រទេសកម្ពុជាចូល ត្រង់បរិវេណបង្គោលឡាក់48P TA 584361ភូមិទព័ សៀម ឃុំតា ព្រះយ៉ា ចូលមកដីថៃទើបសមត្ថកិច្ចចាប់ឃុំខ្លួនសួរនាំតែម្តង ហើយការឃាត់ខ្លួននោះមានសុទ្ធតែជាជនជាតិខ្មែរ១២នាក់ ក្នុងនោះប្រុស៥ ស្រី៥ និងក្មេង២នាក់។
ពលករទាំងអស់បានសារភាពថា ពួកគាត់ត្រូវទៅស៊ីឈ្នួលធ្វើការចំការដំឡូង ក្នុងទឹកដីខេត្តនគរ រាជសីម៉ាក្រោយពីសមត្ថកិច្ចថៃ ឃាត់ខ្លួនធ្វើការវាស់កម្ដៅ ជាលទ្ធផលឃើញធម្មតាទាំង១២នាក់ រួចធ្វើកំណត់ហេតុបញ្ជូនឲ្យវិលត្រឡប់មកប្រទេសកម្ពុវិញ តាមប៉ុស្តិ៍ត្រួតពិនិត្យ ស៣៨ ភូមិណងម៉ាកមុន ស្រុកគោកឃ្យូង ច្រកអូរបីជាន់ ខេត្តបន្ទាយមានជ័យ សមត្ថកិច្ចកម្ពុជានៅទីនោះបានទទួលយកទៅធ្វើចត្តាឡីស័កទាំង១២នាក់នៅស្រុកថ្មពួកផងដែរ៕