ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត អញ្ជើញចុះពិនិត្យការដ្ឋាន សាងសង់សំណង់ លូរំដោះទឹកកខ្វក់ ចេញពីក្រុងកំពតនិងស្រុកទឹកឈូ
ខេត្តកំពត៖នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត អមដំណើរដោយលោកអភិបាលរងខេត្ត លោកប្រធានមន្ទីរអង្គភាពជំនាញជុំវិញខេត្ត នាយកទីចាត់ការចំណុះសាលាខេត្ត លោកអភិបាលក្រុងកំពត លោកអភិបាលស្រុកទឹកឈូ និងលោកមេឃុំ ចៅសង្កាត់ពាក់ព័ន្ធ រួមទាំងបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន អញ្ជើញចុះពិនិត្យការដ្ឋានស្ដារប្រព័ន្ធលូរំដោះទឹកកខ្វក់ចេញពីទីក្រុងកំពត និងស្រុកទឹកឈូ ស្ថិតនៅចំណុចស្ពានភូមិតាអេង សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត។
នាឱកាសនោះឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយមាត់លូ ដែលបានចូលរួមក្នុងការរុះរើសំណង់ដែលប៉ះពាល់លើគម្រោងនេះដោយស្ម័គ្រចិត្ត និងរីករាយសាទរទទួលយកការអនុវត្តគម្រោងនេះដោយរដ្ឋបាលខេត្តកំពត។
រដ្ឋបាលខេត្តកំពតបញ្ជាក់ថា គម្រោងស្តារលូនេះមានទទឹងសរុបប្រវែង១៤ម៉ែត្រ (បូកទាំងចិញ្ចើមលូ និងសំណង់លូ) ដោយឡែកសំណង់លូ មានទទឹង ៤ម៉ែត្រ ជម្រៅ២ម៉ែត្រ សាងសង់ជា លូប្រអប់មានគម្របខាងលើ ដើម្បីរក្សាឲ្យមានបរិស្ថានស្អាតល្អ បំបាត់ក្លិនស្អុយ និងនៅសងខាងលូសាងសង់ផ្លូវបេតុងតាមស្ថានភាពជាក់ស្ដែងសម្រាប់បងប្អូនធ្វើដំណើរ ។គម្រោងនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រ សង្កាត់ក្រាំងអំពិល សង្កាត់កំពង់កណ្ដាល ឃុំជុំគ្រៀល និងឃុំត្រពាំងធំ ដែលកន្លងមកតែងតែទទួលរងនូវការជន់លិច ដោយសារជំនន់ទឹកភ្លៀង ព្រោះតែប្រព័ន្ធរំដោះទឹកចាស់មិនអាចដោះទឹកហូរបានទាន់ពេល ៕