បុរសម្នាក់ត្រូវរថយន្តកិនពីលើស្លាប់ យ៉ាងអណោចអាធ័ម ក្រោយពីអង្គុយនិយាយគ្នាលេងខាងក្រោមកង់រថយន្តដឹកដី ដល់ពេលតៃកុងឡើងបញ្ឆេះស្រាប់តែជាប់លេខបើកទៅមុខទើបបណ្តាលឲ្យគិនពីលើ
ខេត្តបន្ទាយមានជ័យ៖បុរសម្នាក់ត្រូវរថយន្តកិនពីលើស្លាប់យ៉ាងអណោចអាធ័ម នៅវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិដូនឡឹក ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្រោយពីអង្គុយនិយាយគ្នាលេងខាងក្រោមកង់រថយន្តដឹកដី ដល់ពេលតៃកុងឡើងបញ្ឆេះរថយន្តស្រាប់តែជាប់លេខរថយន្តបើកទៅមុខទើបបណ្តាលឲ្យគិនពីលើតែម្តង។
នគរបាលមូលដ្ឋានឃុំសំបួរបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ សេង ហ៊ឺ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរអ្នកបើករថយន្ត រស់នៅភូមិស្រមោច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
នគរបាលបានបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះ រួមទាំង អ្នកបើកអេស្ការបានអង្គុយលេងនៅក្រោមកង់រថយន្តបែនដឹកដីរបស់ឈ្មោះ ឈុំ កញ្ញា ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិតាឡំចុង ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មុខរបរអ្នកបើករថយន្តអង្គុយលេងជាច្រើនម៉ោងអ្នកបើកអេស្ការក៏ដើរទៅបើកអេស្ការ ដើម្បីចូកដី ចំណែកឈ្មោះឈុំ កញ្ញា បានដើរឡើងរថយន្តរបស់ខ្លួនហើយបានបញ្ឆេះដើម្បីលើកទ្រុងរថយន្តចាក់ដីនៅជាប់ពីល្ងាចចេញ នៅពេលនោះជនរងគ្រោះមិនបានក្រោកចេញពីកង់ក្រោយរថយន្តនៅពេលដែលឈ្មោះឈុំ កញ្ញា បានបញ្ឆេះម៉ាស៊ីនបាញ់ខ្សល់ចាក់ដីចេញពីរថយន្តក៏ស្រាប់តែរថយន្តជាប់លេខហើយក៏ជ្រុលទៅមុខកិនជនរងគ្រោះដែលកំពុងអង្គុយជាប់នឹងកង់រថយន្តខាងក្រោយ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។
ក្រោយដឹងថា រថយន្តរបស់ខ្លួនកិនអ្នកបើកដឹកដីជាមួយគ្នាស្លាប់ឈ្មោះឈុំ កញ្ញា បានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនិងសពនៅកន្លែងដឹកដី។ក្រោយពីកើតហេតុសមត្ថកិច្ចបានមកដល់កន្លែងកើតហេតុធ្វើកំណត់ហេតុរួចប្រគល់សព ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែករថយន្តត្រូវកម្លាំងនគរបាលយកមករក្សាទុកនៅអធិការដើម្បីដោះស្រាយជាក្រោយ៕