លោកតាវ័យអាយុ៧២ឆ្នាំ ទៅបេះផ្លែឈូកឲ្យចៅហូប និងចុះទៅរាវខ្ចៅ ចៃដន់ស្រាប់តែលង់ទឹកអាងស្លាប់ ខណ:ពេលបញ្ជូនទៅមន្ទីរពេទ្យ
ខេត្តបន្ទាយមានជ័យ:កាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយលោកតាវ័យអាយុ៧២ឆ្នាំ បានស្លាប់ខណ:ពេលបញ្ជូនទៅមន្ទីរពេទ្យ ក្រោយពេលចុះទៅរាវខ្ចៅនិងបេះផ្លែឈូកឲ្យចៅហូប នៅក្នុងអាងទឹក ស្ថិតនៅក្នុងភូមិក្តឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា សពលោកតាមានឈ្មោះ ឯម រុណ អាយុ៧២ឆ្នាំ រស់នៅភូមិក្តឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
នគរបាលមូលដ្ឋានបន្តថា មុនពេលកើតហេតុលោកតាបានចុះទៅក្នុងអាងទឹកក្តឹបថ្ម ដើម្បីរាវខ្ចៅនិងបេះផ្លែឈូកឲ្យចៅចៃដន់ ពេលនោះស្រាប់តែលង់ទឹក ចៅគាត់បានស្រែកឲ្យគេជួយ ប្រជាពលរដ្ឋបានចុះជួយដែរដោយសារតែលោកតាលង់យូរពេកបានត្រឹមតែស្រង់មកដាក់លើគោក ដឹកបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពបឹងត្រកួន ហើយបន្តទៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក តែជាអកុសល្យបានទទួលមរណភាពបាត់ទៅហើយ ។
សពត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ជាមួយគ្នានោះដែរ នគរបាលប៉ុស្តិ៍ការពារព្រំដែនភ្នំប្រាក់ នៃវរសេនាតូចនគរបាលការពារព្រំដគោកលេខ៨០៧ បាននាំយកថវិកាចំនួន១០ម៉ឺនរៀល ទៅឧបត្ថម្ភក្នុងកម្មវិធីបុណ្យសពនោះផងដែរ៕