លើកលែងទោសទណ្ឌិតចំនួន២៧នាក់ ពី ៣ខែ ដល់ ៦ខែ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ខេត្តបន្ទាយមានជ័យ៖ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជនជាប់ឃុំនៅពន្ធនាគារខេត្តបន្ទាយមានជ័យចំនួន២៧នាក់ ទទួលបានការលើកលែងទោសពី ៣ខែ ដល់៦ខែ។ការលើកលែងទោសនេះបានធ្វើឡើងនៅព្រឹក ថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ ២០២១ នៅក្នុងពន្ធនាគារផ្ទាល់ ស្ថិតនៅក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ ,លោក តេង សាម៉ៃ ព្រះរាជអាជ្ញារង ខេត្តបន្ទាយមានជ័យ ,លោក អ៊ុង ស៊ីផាន ឧត្តមអត្គានុរក្សថ្នាក់លេខ២ និងជាប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ។
លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ និងជាប្រធានពន្ធនាគារខេត្តបានឲ្យដឹងថា ជនជាប់ឃុំក្នុងពន្ធគារខេត្តបន្ទាយមានជ័យកំពុងឃុំជាក់ស្តែងមានចំនួនសរុប១.៥៧៧នាក់ ក្នុងនោះស្រីមានចំនួន៩៩នាក់។ជនត្រូវចោទមានចំនួន ២៤៩នាក់ ស្រី១១នាក់ ជនជាប់ចោទមានចំនួន២៤៩នាក់ ស្រីមានចំនួន១៧នាក់ ពិរុទ្ធជនមានចំនួន៧៧៣នាក់ ស្រីមានចំនួន៤៦នាក់ ទណ្ឌិតមានចំនួន៣២៦នាក់ ស្រីមានចំនួន២៥នាក់ អនិតិជនមានចំនួន១២៥នាក់ ស្រី៦នាក់ ចាប់ចូលថ្មីមេខ្យល់មានចំនួន៧៤នាក់ ស្រី៧នាក់។
លោក អ៊ុង ស៊ីផាន បន្តថា ពន្ធនាគារខេត្តបានអនុវត្ត នូវតួនាទីភារកិច្ចរបស់ខ្លួនដូចជា ការអប់រំកែប្រែ ស្ដានិតិសម្បទា ការបណ្ដុះបណ្ដាល វិជ្ជាជីវៈ រៀនកាត់ដេរ រៀនជួសជុលគ្រឿងអេឡិតត្រួនិច រៀនជួសជុលម៉ួតូ រៀនភ្លេងសម័យ រៀនកាត់សក់ រៀនអក្សរខ្មែរជាដើម។ដោយឡែកការរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងពន្ធនាគារការងារកសិកម្មសិប្បកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ប្រកបដោយភាពទទួលខុសត្រូវខ្ពស់។ក្រៅពីនេះអង្គភាពមានប៉ុស្តិ៍សុខភាពមួយខ្នង ដែលគ្រប់គ្រងដោយអង្គភាពផ្ទាល់ នឹងមានផ្នែកសុខាភិបាលជាអ្នកទទួលខុសត្រូវ។ក្នុងនោះជនជាប់ឃុំត្រូវបានបន្ធូបន្ថយទោសលើកលែងទោសក្នុង១ឆ្នាំមានចំនួន៣លើកផងដែរ។
លោក គឹង វណ្ណៈ បានឲ្យដឹងដែរថា ការបន្ធូបន្ថយដល់ទណ្ឌិតចំនួន២៧នាក់ក្នុងនោះលើកលែងទោសមានរយះពេល៣ខែ មានចំនួន១៧នាក់ បន្ធូបន្ថយទោសរយះពេល៦ខែ មានចំនួន១០នាក់មានស្រី១នាក់ផងដែរ។ទន្ទឹមនោះដែរលោក បានធ្វើការផ្តាំផ្ញើរដល់អ្នកជាប់ឃុំទាំងអស់ក្រោយពីស្គាល់រសជាតិជាប់ឃុំហើយចេញមកវិញ ត្រូវចេះកែខ្លួនឲ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អ ទើបអាចរស់នៅក្នុងសង្គមបានស្រួល៕