រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចបិតបញ្ចប់ការបិតខ្ទប់ការធ្វើដំណើរចេញ-ចូលជាបណ្តោះអាសន្ន នូវសង្កាត់ផ្សារកណ្តាល និងផ្សារម៉ាឡៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីទទួលបានលទ្ធផលតេស្តរហ័ស(Rapid Test) និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC(+)) នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ លើបុរស ស្រ្តី ជនជាតិខ្មែរ និងជនបរទេស ចំនួន៩៤នាក់ នៅក្រុងប៉ោយប៉ែតនោះ នៅថ្ងៃទី១៩ ខែឧសភា រដ្ឋបាលខេត្តបន្ទាយមានជ័យបានចេញសេចក្តីជូនដំណឹងរាយនាមអ្នកដែលមានវិជ្ជមានជំងឺកូវីដ១៩ និងអំពាវនាវដល់អ្នកដែលប៉ះពាល់ដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ដោយប្រយោល សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។
រដ្ឋបាលខេត្តបញ្ជាក់ថា ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតីដូចជា៖ឡើងកម្ដៅលើសពី៣៧អង្សាសេ ក្អក កណ្ដាស់ ហៀរសំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម...។ល។ ត្រូវប្រញ៉ាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ឬមន្ទីរពេទ្យខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាពឃុំ សង្កាត់ និងអាជ្ញាធរ មូលដ្ឋាន តាមរយៈទូរស័ព្ទលេខ០១២ ៧២៤០៤២ / ០១២ ៩៤៨៧៧៩។
សូមបញ្ជាក់ដែរថា នៅរសៀលថ្ងៃទី១៩ ខែឧសភា រដ្ឋបាលខេត្តបានបញ្ចេញរបាយការណ៍ស្តីពីករណីជាសះស្បើយ អ្នកជំងឺកូវីដ១៩ ចំនួន២៦នាក់ទៀត សម្រាប់ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ក្នុងនោះក៏បានសម្រេច បិតបញ្ចប់ការបិតខ្ទប់ការធ្វើដំណើរចេញ-ចូលជាបណ្តោះអាសន្នផងដែរលើទីតាំងមួយចំនួន ផ្នែកនៃភូមិសាស្ត្រគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងផ្សារម៉ាឡៃ ស្ថិតនៅក្នុងភូមិវាលហាក់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យផងដែរ ៕