ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញត្រួតពិនិត្យមន្ទីរពិសោធន៍វេជ្ជសាស្ត្ររកមេរោគកូវីដ-១៩ នៅមន្ទីពេទ្យបង្អែក ខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញត្រួតពិនិត្យមន្ទីរពិសោធន៍វេជ្ជសាស្ត្ររកមេរោគកូវីដ-១៩ នៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
នាឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់ក្រុមគ្រូពេទ្យផ្នែកមន្ទីរពិសោធន៍ ត្រូវយកចិត្តទុកដាក់ក្នុងការវិភាគរកមេរោគកូវីដ-១៩ ពិសេសមេរោគបំលែងថ្មី ដែលមានហានិភ័យខ្ពស់ និងត្រូវតែមានការប្រុងប្រយ័ត ដោយធ្វើអនាម័យជាប់ជាប្រចាំ កុំធ្វេសប្រហែសនាំឱ្យមានការឆ្លងជំងឺកូវីដ-១៩ មកខ្លួនរបស់យើង។
ជាមួយគ្នានោះដែរឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអគុណដល់ក្រុមគ្រូពេទ្យជួរមុខ ជួរក្រោយ និងក្រុមគ្រូពេទ្យផ្នែកមន្ទីរពិសោធន៍របស់យើង ដែលបានខិតខំបំពេញការងារមិនខ្លាចនឿយហត់ទាំងថ្ងៃទាំងយប់ មិនថាភ្លៀង ឬថ្ងៃក្តៅ ដោយមិនបានសម្រាកគ្រប់គ្រាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ក្នុងខេត្តព្រះសីហនុ។ដូច្នេះយើងត្រូវរួមគ្នាបន្តទៀត ដើម្បីកាត់ផ្តាច់ប្រភពចម្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ឱ្យបានជោគជ័យ។
ឯកឧត្តម បន្តថា តាមការណែនាំរបស់អង្គការសុខភាពពិភពលោក ត្រូវតាមដានព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួន២១ថ្ងៃ ម្យ៉ាងទៀតការព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតធ្ងន់ ត្រូវតេស្ត PCR (ម៉ាស៊ីនវិភាគរកមេរោគកូវីដ-១៩) ដោយទទួលលទ្ធផល អវិជ្ជមានពីរដង ទើបឱ្យចេញពីមន្ទីរពេទ្យ និងបន្តធ្វើចត្តាឡីស័ក ១៤ថ្ងៃបន្តទៀត ដោយឡែកអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ត្រូវធ្វើតេស្ត PCR (ម៉ាស៊ីនវិភាគរកមេរោគកូវីដ-១៩) ទទួលលទ្ធផលអវិជ្ជមានមួយដងអាចឱ្យចេញពីមន្ទីរពេទ្យបាន ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្តទៀត។ ដោយសារតែបច្ចុប្បន្នមន្ទីរពិសោធន៍រកមេរោគកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យបង្អែករបស់យើងជួបប្រទះនូវការខ្វះខាតសម្ភារ:ក្នុងការវិភាគរកមេរោគកូវីដ-១៩ ក្នុងនោះរដ្ឋបាលខេត្ដបាន និងកំពុងបញ្ជាទិញបន្ថែម ដើម្បីឱ្យមន្ទីរពិសោធន៍របស់យើងដំណើរការដោយរលូន៕