មេបញ្ជាការរង នាយសេនាធិការ អញ្ជើញចុះសួសុខទុក្ខក្រុមគ្រូពេទ្យកងទ័ពជួរមុខ ទិសទី១បន្ទាយមានជ័យ ចុះយកសំណាក តំបន់ក្រហមក្នុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖លោក ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ និងលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ អញ្ជើញចុះត្រួតពិនិត្យក្រុមគ្រូពេទ្យទ័ពជួរមុខ ទិសទី១ បន្ទាយមានជ័យ សហការណ៍ជាមួយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្ត ចុះយកសំណាក ជូនប្រជាពលរដ្ឋខ្មែរ និងជនបរទេស ដែលមានការសង្ស័យឆ្លងជំងឺកូវីដ-១៩ ក្នុងតំបន់ក្រហមបិទខ្ទប់ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នាឱកាសនោះលោកឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងការកោតសរសើរដល់ក្រុមគ្រូពេទ្យកងទ័ពជួរមុខ ដែលខិតខំបំពេញភារកិច្ចតាមបទបញ្ជា ថ្នាក់លើ ដោយមិនគិតការលំបាកឬនឿយហត់ឡើយ ចូលរួមពន្លឿនការយកសំណាក ដើម្បីកាត់ផ្តាច់ការឆ្លងរីករាលដាលជំងឺដ៏កាចសាហវនេះ ជាពិសេសសូមឣោយបងប្អូនជាក្រុមគ្រូពេទ្យមុខ មានការប្រុងប្រយ័ត្នខ្ពស់ ក្នុងកំឡុងពេលប្រតិបត្តិការ ឣនុវត្តន៍បច្ចេកទេសតាមការណែនាំរបស់ជំនាញសុខាភិបាល ការពារកុំឣោយឆ្លងមកដល់ក្រុមគ្រូពេទ្យកងទ័ពជួរមុខយើង ព្រោះថាក្នុងកាលៈទេសៈដ៏លំបាកនេះ កងទ័ពអាវសជួរមុខ គឺបានចូលរួមចំណែកយ៉ាងសកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។
សូមបញ្ជាក់ផងដែរថា ក្រុមគ្រូពេទ្យកងទ័ព ទិសទី១ បន្ទាយមានជ័យ បានប្តូរឯកសណ្ឋានព័ណស រួមមាន៖អង្គភាពកងពលតូចថ្មើរជើងលេខ៥១ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យសរុបចំនួន២៩នាក់ សហការជាមួយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តរួមគ្នាប្រយុទ្ធប្រឆាំង និងជំងឺកូវីដ១៩ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាមសំណូមពរគណៈបញ្ជាការឯកភាពខេត្ត និងមេបញ្ជាការយោធភូមិភាគទី៥៕