ជនសង្ស័យ៣នាក់សំងំជក់ និងលក់ថ្នាំញៀនទ្រង់ទ្រាយធំនៅក្រុងប៉ោយប៉ែត ត្រូវនគរបាលឃាត់ខ្លួន
ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋានគរបាលខេត្តបន្ទាយមានជ័យ និងក្រោយពីទទួលបាននូវបទបញ្ជាពីលោកវរសេនីយ៍ទោ បោន សីហា អធិការស្តីទី នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងនគរបាលក្រុងដឹកនាំដោយលោកវរសេនីយ៍ទោ កែវ ដូល អធិការរងទទួលបន្ទុកគ្រឿងញៀន ចុះប្រតិបត្តិការណ៍ និងចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ដែលកំពុងសំងំជក់ និងលក់ថ្នាំញៀនទ្រង់ទ្រាយធំ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។
បើតាមលោកវរសេនីយ៍ទោ បោន សីហា អធិការស្តីទីនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបាន
ឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានជនសង្ស័យកំពុងនាំគ្នាលក់ និងជក់ថ្នាំញៀន លោកបានចាត់ឲ្យលោកវរសេនីយ៍ទោ កែវ ដូល អធិការរងទទួលបន្ទុកគ្រឿងញៀន ដឹកនាំកម្លាំងនគរបាលមួយក្រុម ចុះដល់ភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់មានឈ្មោះ ម៉ៅ រ៉ាមេឃ ភេទប្រុស អាយុ២០ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងឈ្មោះ លី រដ្ឋា ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរលក់ដូរ ទិញលក់ម៉ូតូ ស្នាក់នៅភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។វត្ថុតាងដកហូតបានរួមមានៈម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន ១ថង់ធំល្មម និងកាំភ្លើងប៊ិច មានគ្រាប់ចំនួន ២គ្រាប់។
តាមចម្លើយសារភាពជនសង្ស័យទាំងពីរនាក់ខាងលើ កម្លាំងជំនាញឈានដល់ចាប់ខ្លួនជនសង្ស័យ ១នាក់ទៀត នៅចំណុចភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានឈ្មោះ រ៉ុម ចេក ភេទប្រុស អាយុ៤០ឆ្នាំ ជាអ្នកលក់ដូរ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត។
លោកបានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនទៅជំនាញនៃស្នងការនគរបាលខេត្ត រួចបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តចាត់ការតាមច្បាប់។
ក្នុងការបង្ក្រាបបានអ្នកលក់ថ្នាំញៀននោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានធ្វើការលើកទឹកចិត្តដល់កងម្លាំងនគរបាលជំនាញប្រឆាំងបទល្មើសគ្រឿងញៀន ក្រុងប៉ោយប៉ែតបានឧបត្ថម្ភថវិកាចំនួន១.០០០.០០០រៀលផងដែរ៕