ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បន្តទទួលថវិកាឧបត្ថម្ភពី ព្រះសង្ឃ សប្បុរសជន អាជីវករ ពាណិជ្ជករ និងមន្ទីរស្ថាប័ន ជំវិញខេត្ត
ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ និងជាអភិបាលខេត្ត ព្រមទាំងក្រុមការងារសាខាកាកបាទក្រហមខេត្ត បានអញ្ជើញទទួលថវិកាពីព្រះសង្ឃ អាជីវករ ពាណិជ្ជករ មន្ទីរស្ថាប័ន និង សប្បុរសជន នានា នៅជុំវិញខេត្តបន្ទាយមានជ័យ។
នាឱកាសនោះដែរ ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា ដោយសារជួបវិបត្តិជំងឺឆ្លងកូវីដ១៩ ទើបថ្នាក់ជាតិណែនាំមិនឲ្យរៀបចំពិធីទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហមដូចកាលពីឆ្នាំមុនៗ ក៏ពិតមែន តែថ្ងៃនេះគណៈកម្មាធិការសាខាកាកបាទក្រហកម្ពុជាខេត្ត ពិតជាមានមោទនៈភាពខ្លាំងណាស់ ដែលមានសប្បុរសធម៌នានា ព្រះសង្ឃ អាជីវករ ពាណិជ្ជករ និងមន្ទីរស្ថាប័ន ជំវិញខេត្តនៅតែបន្តគាំទ្រ ជួយជាបន្តបន្ទាប់ បានធ្វើឲ្យគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បន្តខិតខំបំពេញបេសកកម្មជួយប្រជាពលរដ្ឋ ទោះជាប្រឈមនឹងស្ថានភាពជំងឺកូវីដ១៩យ៉ាងណាក៏ដោយ។
ឯកឧត្តមបញ្ជាក់ថា ក្នុងនាមគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ពិតជាមានមោទនៈភាពដែលមានស្ថាប័នមួយទទួលសេវាផ្នែកមនុស្សធម៌សម្រាប់ជួយដល់ប្រជាពលរដ្ឋដែលបានរងគ្រោះថ្នាក់ធម្មជាតិផ្សេងៗ ក៏ដូចជាប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រជាដើម។ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែពង្រឹងដល់សមាជិកសមាជិការ ក្នុងការជួយដោះស្រាយរាល់ទុកលំបាករបស់ប្រជាពលរដ្ឋទាំងអស់ ឲ្យដល់គោលដៅ នឹងទាន់ពេលវេលាផងដែរ។
ជាមួយគ្នានោះដែរឯកឧត្តម ដ៏បានថ្លែងអគុណ និងកោតសសើដល់ ព្រះសង្ឃ សប្បុរសជន អាជីវករ ពាណិជ្ជករ និងមន្ទីរស្ថាប័ននានា ជំវិញខេត្ត ដែលបានបរិច្ចាគថវិកា ធនធានផ្ទាល់ខ្លួន ដើម្បីរួមចំណែកជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា នាពេលកន្លងមក រហូតមកដល់បច្ចុប្បន្ននេះ៕