លោក គឹង វណ្ណៈ និងលោក បោន ប៊ិន ដឹកនាំក្រុមការងារ អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ១៩
ខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋដែលជួបវិបត្តិសេដ្ឋកិច្ចក្នុងគ្រួសារ ក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ-១៩ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទទួលបានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដែលមាន លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះជួយស្រុកថ្មពួក និងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ប្រធានក្រុមការងារចុះជួយឃុំគំរូ និងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ អញ្ជើញចុះសាកសួរសុខទុក្ខ និងសំណេះសំណាល ព្រមទាំងចែកអំណោយជូនដល់ប្រជាពលរដ្ឋក្នុងឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចំនួន២៩៣គ្រួសារ ក្នុង១គ្រួសារទទួលបាន ៖ មី ចំនួន០១កេស ,ត្រីខ ចំនួន២យួរ ,ខោអាវកីឡា ចំនួន១ឈុត ,ម៉ាស់ ចំនួន១ប្រអប់ និងប្រាក់ចំនួន ៥ម៉ឺនរៀលផងដែរ។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានមានប្រសាសន៍ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះអនាម័យ ឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល ព្រមទាំងពាក់ម៉ាស់ រក្សាគម្លាតសុត្ថិភាព តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសអនុវត្តវិធានការដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល គឺ ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីបញ្ជៀសការឆ្លងនូវជំងឺកូវីដ១៩ ដល់ខ្លួនឯងផង និងរីករាលដាលដល់អ្នកផ្សេងផង៕