ជនសង្ស័យ១នាក់ ត្រូវកម្លាំងនគរបាលក្រុងតាខ្មៅ ចាប់ឃាត់ខ្លួន បន្ទាប់ពីលួចគាស់បន្ទប់ស្ថានីយ៍ផ្សាយក្រុមហ៊ុនមិត្តហ្វូន យកខ្សែភ្លើង
ខេត្តកណ្ដាល៖ជានសង្ស័យម្នាក់ត្រូវបុគ្គលិកក្រុមហ៊ុនមិត្តហ្វូន ចាប់ឃាត់ខ្លួនប្រគល់ជូននគរបាលប៉ុស្តិ៍រដ្ឋបាលតាខ្មៅ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីបានធ្វើសកម្មភាពលួច គាស់បន្ទប់ស្ថានីយ៍ផ្សាយក្រុមហ៊ុន មិត្តហ្វូន យកខ្សែភ្លើង នៅចំណុចស្ថានីយ៍ផ្សាយក្រុមហ៊ុនមិត្តហ្វូន ស្ថិតនៅក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ មុត ច័ន្ទដារ៉ូ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ បុគ្គលិកក្រុមហ៊ុនមិត្តហ្វូន។រីឯជនសង្ស័យមានឈ្មោះសុខ រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលថ្នល់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖កូនសោឈុតចំនួន៣(របស់ជនសង្ស័យ),ទួណឺវីសចំនួន២ពណ៌(របស់ជនសង្ស័យ),កូនកន្ត្រៃចំនួន១(របស់ជនសង្ស័យ),ទូរស័ព្ទ១គ្រឿងម៉ាកNចុចពិលពណ៌ខ្មៅ(របស់ជនសង្ស័យ),POWER BANKពណ៌ខ្មៅចំនួន១(របស់ជនសង្ស័យ),ថង់ក្រណាត់ពណ៌ស លាយខ្មៅចំនួន១(របស់ជនសង្ស័យ) ,ខ្សែភ្លើងសម្រាប់ភ្ជាប់ឧបករណ៍ស្ថានីយ៍មិត្តហ្វូនចំនួន ៧សរសៃ(របស់ក្រុមហ៊ុនមិត្តហ្វូន)។
បើតាមប្រភពព័ត៌មានពីបុគ្គលិក្រុមហ៊ុនបានឲ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យបានធ្វើសកម្មភាពគាស់បន្ទប់ស្ថានីយ៍ផ្សាយរបស់ក្រុមហ៊ុនមិត្តហ្វូន ហើយបានកាត់យកខ្សែភ្លើងសម្រាប់តភ្ជាប់ឧបករណ៍នៅក្នុងស្ថានីយ៍ផ្សាយធ្វើឲ្យដាច់ភ្លើង ទើបបុគ្គលិក្រុមហ៊ុនមានការសង្ស័យ បាននាំគ្នាមកមើលឃើញជនសង្ស័យ កំពុងធ្វើសកម្មភាព ក៏បានចាប់ឃាត់ខ្លួនប្រគល់ជូននគរបាលប៉ុស្តិ៍រដ្ឋបាលតាខ្មៅ ដើម្បីធ្វើការសាកសួរ រួចបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចាត់ការតាមនីតិវិធី៕