មានការភ្ញាក់ផ្អើលមួយបានកើតឡើងរវាង ក្មេងទំនើងចំនួន២ក្រុម ជិៈម៉ូតូដេញកាប់គ្នា ១ក្រុមចូលដេកពេទ្យ ឯចំណែក១ក្រុមទៀតចូលដេកគុក ដោយសាររឿងគំនុំដណ្តើមស្រីគ្នា
ខេត្តបន្ទាយមានជ័យ៖ដោយសារតែរឿងគំនុំដណ្តើមស្រីគ្នា បានធ្វើឲ្យក្មេងទំនើង២ក្រុម ជិៈម៉ូតូដេញកាប់គ្នា ដូចក្នុងរឿងហុងកុង តែលទ្ធផលចុងក្រោយ មួយក្រុមចូលដេកគុក ឯមួយក្រុមទៀតចូលដេកពេទ្យ ក្រោយពីកើតហេតុម្ដាយរបស់ជនរងគ្រោះ ឈ្មោះ ខាន់ លីហ័ង អាយុ៣៤ឆ្នាំរស់នៅភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដាក់ពាក្យប្តឹងនៅកងរាជអាវុធហត្ថ មូលដ្ឋានក្រុងប៉ោយប៉ែត។
ក្រោយពីបានទទួលបានពាក្យបណ្ដឹងរួចមក ដោយបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហ្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងអាវុធហត្ថ១ក្រុមចុះទៅស្រាវជ្រាវដល់កន្លែងកើតហេតុ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ បានចំនួន៥នាក់រួមមាន៖
ទី១/ឈ្មោះស៊ុន រ៉ាម៉ី ភេទប្រុស អាយុ១៧ឆ្នាំ។
ទី២/ឈ្មោះ ហៃ ម៉េងហាក់ ភេទប្រុស អាយុ១៧ឆ្នាំ។
ទី៣/ឈ្មោះ ផាត ប្រុស ភេទប្រុស អាយុ១៦ឆ្នាំ។
ទី៤/ឈ្មោះ ជិន មិថុនា ភេទប្រុស អាយុ១៨ឆ្នាំ និង
ទី៥/ឈ្មោះថន អារុណប្រាថ្នា ភេទប្រុស អាយុ១៩ឆ្នាំ ព្រមទាំងដកហូតវត្ថុតាងរួមមាន កាំបិតកែឆ្នៃដងដែកប្រវែង១៨៥សង់ទីម៉ែត្រចំនួន១ដើម កាំបិតបុ័ងតោ ពណ៌ស ដងដែក១ដើមពូថៅ ដងឈើ១ដើម និងម៉ូតូចំនួន២គ្រឿង ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសាកសួរចម្លើយ។
នៅចំពោះមុខកងរាជអាវុធហត្ថ ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេមានគំនុំជាមួយឈ្មោះឌឿន រ៉ានុត ធ្លាប់កាប់មកលើពួកគេ និងដណ្ដើមសង្សារបស់ឈ្មោះស៊ុន រ៉ាម៉ី ទៀតផង ។ហើយឈ្មោះ ឌឿន រ៉ានុត ធ្លាប់បានទូរស័ព្ទ ដើម្បីណាត់កាប់គ្នាក្រោយពីបានទទួលទូរស័ព្ទក្រុមខ្លួន បានប្រមូលគ្នាបានចំនួន៩នាក់ជិះម៉ូតូចំនួន៣គ្រឿង មានទាំងកាំបិតពូថៅ គ្រប់ដៃពេលជិះម៉ូតូទៅដល់ក្លិបហាត់ប្រាណស្ពតវើល ក៏បានជួបជាមួយក្រុមឈ្មោះឌឿន រ៉ានុត ស្រាប់តែពេលនោះក្រុមឌឿន រ៉ានុត បានគប់ដុំថ្មមកលើក្រុមខ្លួន ទើបបើកការប្រយុទ្ធគ្នាយ៉ាងសាហាវ ក្នុងនោះបានជិៈម៉ូតូដេញកាប់ទៅលើក្រុមឈ្មោះនុត វិញ ហើយឈ្មោះសារ និងហ័រ ជាអ្នកកាប់ទៅលើឈ្មោះ នុត ជាច្រើនកាំបិត ចំណែកឈ្មោះ ស៊ុន រ៉ាម៉ី បានដេញកាប់ទៅលើឈ្មោះ នុត នៅទីបញ្ចប់ឈ្មោះឌឿន រ៉ានុត ដាច់កដៃខាងឆ្វេង និងរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរជាច្រើនកន្លែង ក្រោយពីធ្វើសកម្មភាពរួចពួកគេបាននាំគ្នារត់គេចរៀងៗខ្លួន។
ដោយផ្អែកលើពាក្យបណ្ដឹងរបស់ម្ដាយជនរងគ្រោះ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា ជនសង្ស័យទាំ៥នាក់ រួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូន ជនសង្ស័យទាំង៥នាក់នេះ ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ៕