កម្លាំងយោធភូមិភាគទី៥ មានកងពលតូចថ្មើរជើងលេខ៥១ និងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ចុះបំពេញប្រតិបត្តិការផ្ទាល់យកសំណាកកូវីដ-១៩ នៅក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីបានហ្វឹកហ្វឺនពីបច្ចេកទេសយកសំណាក និងរបៀបព្យាបាលអ្នកជំងឺកូវីដ-១៩ រយះពេល២ថ្ងៃ ចាប់តាំងពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដោយអនុវត្តជាក់ស្តែងនៅមណ្ឌលចត្តាឡីស័កកម្រិត២ ស្ថិតនៅភ្នំកងវ៉ា ខេត្តបន្ទាយមានជ័យ ដោយក្រោមកិច្ចសហការជួយបណ្តុះបណ្តាលពីក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ គឺដើម្បីចូលរួមដោះស្រាយបញ្ហាការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងក្រុងប៉ោយប៉ែត ក្នុងនោះយោធភូមិភាគទី៥ ក៏បានត្រៀមខ្លួនរួចមានក្រុមគ្រូពេទ្យ មធ្យោបាយ សម្ភារ សម្រាប់ចល័តចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហម តាមបទបញ្ជារបស់ថ្នាក់លើផងដែរនោះ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ យោធិនសុខាភិបាល មកពីអង្គភាពកងពលតូចថ្មើរជើងលេខ៥១ ចំនួន១៥នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលខ៥១ និងតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យចំនួន១៤នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ សរុបចំនួន២៩នាក់ ចាប់ផ្តើមចុះបំពេញប្រតិបត្តិការអនុវត្តផ្ទាល់រួមគ្នាជាមួយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្ត ក្រុង យកសំណាកជូនប្រជាពលរដ្ឋខ្មែរ និងជនបរទេស ដែលមានការសង្ស័យឆ្លងជំងឺកូវីដ-១៩ នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលខ៥១ បានបញ្ជាក់ថា តបតាមសំណូមពររបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ ដើម្បីជួយពន្លឿនការយកសំណាក កាត់បន្ថយការឆ្លងរីករាលដាលជំងឺឆ្លកូវីដ-១៩ ក្នុងក្រុងប៉ោយប៉ែត ។
សូមបញ្ជាក់ផងដែរថា ការចុះយកសំណាកជូនប្រជាពលរដ្ឋខ្មែរ និងជនបរទេស ដែលមានការសង្ស័យឆ្លងជំងឺកូវីដ-១៩ នៅក្នុងក្រុងប៉ោយប៉ែត របស់កម្លាំងក្រុមគ្រូពេទ្យទាំងពីអង្គភាពចំណុះឲ្យយោធភូមិភាគទី៥ នាពេលនេះបានធ្វើឡើងនូវគោលដៅចំនួន២ គឺគោលដៅទី១ នៅចំណុចខាងកើតផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល និងគោលដៅទី២ នៅចំណុចស្ថានីយ៍រថភ្លើង ស្ថិតនៅសង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យផងដែរ៕